ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណាល័យ-បន្ទប់តម្រង់ទិស វិជ្ជាជីវៈ នៃវិទ្យាល័យជីហែ

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ដោយមានការចូលរួមជាអធិបតី ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងវត្តមានលោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ផ្ដើមចេញឱ្យមានការរៀបចំជាបណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង និងលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ដែលពួកគាត់ជាអតីតសិស្សនៅវិទ្យាល័យនេះ។ លុះបន្ទាប់ពីពួកគាត់ បានវិលត្រឡប់ពីសិក្សានៅប្រទេសបារាំងវិញ ទើបបានមូលមតិគ្នា កសាងនូវបណ្ណាល័យនោះ ក្នុងគោលបំណង ផ្ដល់ឱកាសឲ្យសិស្សានុសិស្ស បានសិក្សាស្រាវជ្រាវ តាមរយៈការអានសៀវភៅ និងតាមប្រព័ន្ធអ៊ីនធើណិតផងដែរ ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានណែនាំដល់សិស្សានុសិស្សទាំងអស់ សូមឱ្យចេះស្រលាញ់ការអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន សម្រាប់ជួយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ នាថ្ងៃអនាគត ។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានមានប្រសាសន៍ឲ្យដឹងផងដែរថា បណ្ណាល័យ-បន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែថ្មីនេះ អតីតជាបន្ទប់សិក្សាចំនួនបួនដែលមានសភាពទ្រុឌទ្រោមទៅហើយ ត្រូវបានជួសជុលកែលម្អឲ្យក្លាយទៅជាបណ្ណាល័យ និងសាលប្រជុំ។

ក្នុងបំណងផ្តល់ ដល់សិស្សានុសិស្សនូវបច្ចេកវិទ្យាទំនើប ដើម្បីជួយឲ្យពួកគេទទួលបានជោគជ័យក្នុងវិជ្ជាជីវៈ។ បណ្ណាល័យនេះដែរ មានសៀវភៅទាំងអស់ ២៥០០ក្បាល មានកុំព្យូទ័រ មួយគ្រឿងសម្រាប់ចុះបញ្ជីសៀវភៅ និងកុំព្យូទ័រពីរគ្រឿងទៀតសម្រាប់សិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រើដើម្បីស្វែងរកសៀវភៅដែលគេចង់អាន និងស្រាវជ្រាវរកឯកសារតាមអឺនធឺណិត។

ចំណែក លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង បានមានប្រសាសន៍ថា សុភាសិតខ្មែរមានរួចហើយគឺ« ចេះពីរៀនមានពីរក » ដូច្នេះ បណ្ណាល័យនេះគឺជាឬសគល់ នៃចំណេះដឹង ពោលគឺប្រសិនបើសិស្សានុសិស្ស ពឹងទៅលើគ្រូបង្រៀនទាំងស្រុង គឺមិនគ្រប់គ្រាន់ទេ ។ ដូច្នេះហើយ ដើម្បីបង្កើនចំណេះដឹងសិស្សានុសិស្ស មានតែខិតខំស្រាវជ្រាវបន្ថែមដោយខ្លួនឯង នៅក្នុងបណ្ណាល័យដែលមានសៀវភៅ ជាពិសេសគឺប្រព័ន្ធឌីជីថលងាយស្រួលក្នុងការបើកស្រាវជ្រាវដើម្បីរកសៀវភៅ ដែលខ្លួនចង់អាន ៕

To Top