ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យមិត្តកូរ៉េ ផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទាំងឡាយដែលកូរ៉េមាន មកគ្រូពេទ្យកម្ពុជាបន្ថែមទៀត ។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងពីសមិទ្ធផលដែលបានបង្ហាញពីទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងត្បូង។
សម្ដេចបញ្ជាក់ថា «ខ្ញុំ អំពាវនាវឲ្យមានការយកចិត្តទុកដាក់ទៅលើផ្ទេរបច្ចេកវិទ្យាទាំងឡាយដែលកូរ៉េមាន សម្រាប់គ្រូពេទ្យរបស់កម្ពុជាយើង ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត»។
សម្ដេច ក៏រីករាយដែលមនី្ទរពេទ្យព្រះអង្គឌួង ដាក់ឲ្យដំណើរប្រព័ន្ធឌីជីថល។ សម្ដេចថា កូរ៉េ គឺជាប្រទេសមួយ ដែលជឿនលឿនក្នុងបច្ចេកវិទ្យាព័ត៌មាន ដូច្នេះដំណើរតាមដំណើរប្រព័ន្ធឌីជីថល នៅក្នុងមន្ទីរពេទ្យនេះ មិនមែនជារឿងចំឡែកសម្រាប់កូរ៉េទេ ប៉ុន្ដែជារឿងថ្មីសម្រាប់កម្ពុជា ដែលជាផ្នែកដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច សង្គម សម្រាប់ពិភពលោកបច្ចុប្បន្ន ៕