ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ឆ្នាំ២០២២នេះ ពិធីបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរដើរលេងកម្សាន្ដដោយរីករាយ គ្រាន់តែសាំងឡើងថ្លៃតែប៉ុណ្ណោះ ដោយសារសង្គ្រាមរវាង រស្ស៊ី-អ៊ុយក្រែន។
នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវអនុវត្តវិធានការសុខាភិបាល នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។
សម្ដេច មានប្រសាសន៍ថា «ឆ្នាំនេះ ចូលឆ្នាំនឹងមានឱកាសសម្រាប់ប្រជាពលរដ្ឋយើងដើរលេង ដែលយើងខកខានមួយរយៈ ២ឆ្នាំរួចទៅហើយ។ គ្រាន់តែជាអកុសល ឆ្នាំនេះនៅពេលដែល បងប្អូនជនរួមជាតិរបស់យើងធ្វើដំណើរដើរលេង គឺសាំងវាឡើងថ្លៃ ធំជាងគេមិនមែនកូវីដទេ ធំជាងគេគឺសង្គ្រាម រស្ស៊ី-អ៊ុយក្រែន ឯណោះទៅវិញទៅទេ»។
សម្ដេច បន្ដថា ប៉ុន្ដែយ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្មែរ ក៏មានឱកាសដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ សម្ដេចថា តាមដឹង ខេត្តព្រះសីហនុ និងសៀមរាប ភ្ញៀវទេសចរណ៍ បានកក់សណ្ឋាគារ រួច សម្រាប់ដើរលេងកម្សាន្ដ នាឱកាសពិធីចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សម្ដេច នឹងអញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប។ សម្ដេច ក៏បានលើកឡើងពីសមត្ថភាពនៃព្រលានយន្តនេះថា នឹងអាចទទួលយកយន្តហោះខ្នាតធំៗចុះចតបាន ៕