ព័ត៌មានជាតិ

ពន្ធដារ ក្រើនរំលឹកដល់អ្នកជាប់ពន្ធអនិវាសនជន រួសរាន់មកចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យរួសរាន់មកធ្វើការចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឲ្យបានរួចរាល់មុនថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ខាងមុខ ។

យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨ មីនា បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការពន្យារពេលកាលបរិច្ឆេទ និងនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ខាងមុខ។

បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានសហគ្រាសដែលជាអ្នកជាប់ពន្ធអនិវាសនជនមួយចំនួនបានមកបំពេញកាតព្វកិច្ច ចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) រួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនទាន់បានមកបំពេញកាតព្វកិច្ចចុះបញ្ជីនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «សូមធ្វើការក្រើនរំលឹកដល់អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តារួសរាន់មកធ្វើការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឲ្យបានរួចរាល់ស្រេចបាច់មុនថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២»។

អគ្គនាយកដ្ឋានពន្ធដារបន្ដថា ក្នុងករណីអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានដាក់លិខិត ប្រកាសពន្ធ និងបង់ប្រាក់អាករលើតម្លៃបន្ថែម ជូនរដ្ឋបាលសារពើពន្ធ ឲ្យបានទាន់ពេលវេលាដែលច្បាប់កំណត់ត្រូវរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន៕

To Top