ព័ត៌មានជាតិ

បុរសជាតិចិនម្នាក់ ត្រូវបានតុលាការដាក់គុក ២២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការដឹកជញ្ជូនគ្រឿងញៀនជាង៧គីឡូក្រាម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២នេះ បានផ្តន្ទាទោស ជនជាប់ចោទជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ កំណត់ ២២ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០ លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ជាង ៧ គីឡូក្រាម ប្រព្រឹត្ត អំឡុងឆ្នាំ ២០២១ នៅក្នុងរាជធានីភ្នំពេញ។

លោក ស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានអោយថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ Fan Yi ( ឬ ហ្វាន អ៉ី ) ភេទ ប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន មានទីលំនៅ ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនជាប់ចោទ ឈ្មោះ Fan Yi ត្រូវបានជាប់ចោទពីបទ: ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទ Fan Yi ត្រូវចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុច បេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន និង ឆែកឆេរផ្ទះរបស់គាត់, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៩៧១.៧៧ ក្រាម , គ្រឿងញៀនមេតំហ្វេតាមីន(ICE) ៩៣ ក្រាម, គ្រឿងញៀនកេតាមីន(Ketamine) ទម្ងន់ ៧ គីឡូ៥៧៨.៩៥ ក្រាម ។ សរុប ជាង៧ គីឡូក្រាម៕ដោយ: លីហ្សា

To Top