ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ឯកភាពឲ្យបង្កើតច្បាប់ សម្រាប់គ្រប់គ្រងសារធាតុណា អាចផលិតគ្រឿងញៀនបាន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាព ក្នុងការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយណាដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ដើម្បីទប់ស្កាត់គ្រឿងញៀននៅកម្ពុជា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងថា សារធាតុគីមី អាចផ្សំធ្វើជាគ្រឿងញៀនបាន ហើយរហូតមកដល់ពេលនេះ មានក្រសួងស្ថាប័នពាក់ព័ន្ធខ្លះ ក៏បានអនុញ្ញាឲ្យនាំចូលសារធាតុគីមីស្របច្បាប់មកកម្ពុជា ដើម្បីផលិត ឬកែច្នៃ សម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។

សម្ដេចបន្ដថា ប៉ុន្ដែពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់ផ្សំចេញជាគ្រឿងញៀន រួចហើយប្រើប្រាស់នៅកម្ពុជា និងប្រើប្រាស់ទៅប្រទេសទី៣ ឬទី៤ ជាដើម។

សម្ដេចមានប្រសាសន៍ថា «ខ្ញុំ បានពិភាក្សាជាមួយ ក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នាថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយក ទៅកែច្នៃផលិតគ្រឿងផ្សំ ដើម្បីផលិតគ្រឿងញៀនបាន»។

លើសពីនេះទៀត សម្ដេច ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការងារទាំង នេះទទួលបានជោគជ័យ មិនមែនមានន័យថា រាំងស្ទះដល់ការនាំចូលសារធាតុគីមីទាំងនោះចូលមកកម្ពុជាឡើយ។ ប៉ុន្ដែទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការ លួចកែច្នៃគ្រឿងញៀន។

សម្ដេចសង្ឃឹមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើការងារទាំងនេះ ក្នុងគោលដៅទប់ស្កាត់ គ្រឿងញៀនខុសច្បាប់នៅកម្ពុជា។

ជាងនេះទៅទៀត សម្ដេច ស ខេង បានលើកឡើងថា បញ្ហាអ្នកជក់ថ្នាំញៀន មិនមានថ្នាំព្យាបាលឡើយ មានតែវិធីសាស្ដ្រ ហាត់កីឡា ។ សម្ដេចថា អ្នកជក់ថ្នាំញៀន មិនងាយព្យាបាលជាទេ ប៉ុន្ដែត្រូវយកចិត្តទុកដាក់ ព្រោះជាកាព្វកិច្ចរបស់រដ្ឋ ខណៈអ្នកជាប់ពន្ធនាគារជាង ៥៤ភាគរយ អ្នកជក់គ្រឿងញៀន៕

To Top