ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក អង់គ្លេស និងអូស្ដ្រាលី បោះបង់ចោលនូវ ចិត្ដគំនិតសង្គ្រាមត្រជាក់

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ប្រឈមមុខនឹងការចង់បាន របស់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ ហើយបោះបង់ផ្នត់គំនិតសង្គ្រាមត្រជាក់ និងល្បែងសូន្យ បំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ ដោយស្មោះត្រង់ និងធ្វើកិច្ចការជាច្រើនទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

 អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី សុទ្ធតែបានលើកឡើងថា ពួកគេកំពុងធ្វើការលើ អាវុធលឿនជាងសំឡេង ក្រោមកិច្ចព្រមព្រៀងសន្តិសុខ ត្រីភាគីថ្មីរបស់ពួកគេ ដែលត្រូវបានគេហៅថា AUKUS ។

 លោក ចាវ បានលើកឡើងថា ដោយកេងប្រវ័ញ្ចវិបត្តិអ៊ុយក្រែន និងប្រើប្រាស់លេសនៃ ការថែរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក AUKUS បានប្រកាសក្នុងលក្ខណៈកម្រិតខ្ពស់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងផ្តល់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរដល់ប្រទេសអូស្ត្រាលី ។ ប្រទេសទាំង៣នេះ នឹងសហការក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាយោធាទំនើបៗ ដូចជាអាវុធល្បឿនលឿនជាងសំឡេង។

 លោក ចាវ បានបន្ដថា វាមិនត្រឹមតែបង្កើនហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ និងនាំមកនូវការភ្ញាក់ផ្អើលដល់ប្រព័ន្ធមិនរីកសាយភាយ អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការប្រណាំងអាវុធ និងបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។  “ប្រទេសក្នុងតំបន់គួរតែមានការប្រុងប្រយ័ត្នខ្ពស់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top