បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com បានឲ្យដឹងថារដ្ឋាភិបាលចិន បានធ្វើការរិះគន់ ទៅលើទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ៗ ដែលបង្កើតឡើង ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ទៅលើទីក្រុងមូស្គូដោយអះអាងថា វាគឺជាឧបករណ៍ខុសឆ្គងមួយស ម្រាប់ដោះស្រាយបញ្ហាវិបត្តិដែលកំពុងកើតឡើង។
លោក Zhao Lijian អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានថ្លែងប្រាប់ទៅកាន់បណ្តាអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញនេះថា៖ចំនួនទណ្ឌកម្មសេដ្ឋកិច្ច ដែលកំពុងកើនឡើង នឹងមិនអាចជួយអ្វីបាន ទៅដល់ស្ថានភាពនេះឡើយ ប៉ុន្តែវាកាន់តែធ្វើឲ្យមានបញ្ហាប៉ុណ្ណោះសម្រាប់ពិភពលោក ក្នុងពេលដែលមានវិបត្តិរាតត្បាត នៅឡើយបែបនេះ។
លោកបន្តថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន គួរតែព្យាយាម ផ្សព្វផ្សាយនិងលើកកំពស់ ចំពោះបញ្ហាសន្តិភាពនិងដំណើរការ ដ៏សមស្របចំពោះកិច្ចការងារជំនួសមកវិញ ដោយការបោះបង់ចោល នូវទណ្ឌកម្មទាំងឡាយដែលមានសភាពធ្ងន់ធ្ងរ និងខុសច្បាប់ផងនោះ៕ ប្រែសម្រួល៖ស៊ុនលី