ព័ត៌មានជាតិ

ផ្តន្ទាទោស ជនជាប់ចោទចិនម្នាក់ និង ស្ត្រីថៃម្នាក់ ដាក់គុក ក្នុងម្នាក់ៗ ពី ៥ ឆ្នាំ ទៅ ២៧ ឆ្នាំ ពាក់ព័ន្ធនឹង ការដឹកជញ្ជូនគ្រឿងញៀនជាង ២គីឡូក្រាម

ភ្នំពេញ ៖ លោកធាម ច័ន្ទពិសិដ្ឋ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជនជាតិចិនជាប់ចោទចំនួន ៣នាក់ និង ស្ត្រីជនជាប់ចោទថៃ ម្នាក់ ដាក់គុក ក្នុងម្នាក់ៗ ពី ៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ជួញដូរគ្រឿងញៀន ជាង ២ គីឡូក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពី អំឡុងឆ្នាំ ២០២០។

លោកធាម ច័ន្ទពិសិដ្ឋ បានថ្លែងឱ្យដឹងថា ចំពោះជនជាប់ចោទ២នាក់ ដែលត្រូវចាប់ខ្លួន និង ជាប់ឃុំ មានឈ្មោះ អ៉ី យឹកស៉ឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ត្រូវជាប់ពន្ធនាគារកំណត់ចំនួន៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៨លានរៀល។ និង ម្នាក់ទៀត មានឈ្មោះ កេតសៃ យ៉ាវវ៉ាឡាក់ ហៅ ប៊ី ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិថៃ ត្រូវជាប់ ពន្ធនាគារកំណត់ចំនួន២៧ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៧០លានរៀល។

ចំណែកជនជាប់ចោទជនជាតិចិន ចំនួន
២នាក់ទៀត ដែលរត់គេចខ្លួន ត្រូវបានតុលាការ កាត់ទោស កំបាំងមុខ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗចំនួន ១០០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។ និង ចេញដីកា បង្គាប់ឱ្យស្វែងតាមចាប់ខ្លួន។

ជនជាប់ចោទទាំង៤នាក់ខាងលើ ត្រូវបានជាប់ចោទពីបទ: រក្សាទុក ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែសីហាឆ្នាំ២០២០។

ក្នុងចំណោមពួកគេ, ជនជាប់ចោទឈ្មោះ អ៉ី យឹកស៉ឺ និង ឈ្មោះ កេតសៃ យ៉ាវវ៉ាឡាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញ។ រីឯ ២នាក់ទៀត បានរត់គេចខ្លួន។

ក្រោយប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វីតាមីន ជាង ២ គីឡូក្រាម៕ ដោយ លីហ្សា

To Top