ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបដិសេធការអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងចូលរួមកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅខែក្រោយ។
នៅក្នុងជំនួបជាមួយសមាជិក មួយចំនួននៃគណៈរដ្ឋមន្ត្រី ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ លោក Duterte បានលើកឡើងថា លោកបានទទួលការអញ្ជើញឱ្យចូលរួម “កិច្ចសន្ទនា” អាស៊ានជាមួយលោក បៃដិន ប៉ុន្តែនឹងមានប្រធានាធិបតីហ្វីលីពីន ទើបជាប់ឆ្នោត ហើយរដ្ឋបាលបន្ទាប់ប្រហែលជាមិនចូលចិត្ត “កិច្ចព្រមព្រៀង” ណាមួយឡើយ ឬ “ការប្តេជ្ញាចិត្ត” ដែលត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំឡើយ។
លោក Duterte បានលើកឡើងថា “វាមិនល្អនោះទេក្នុងការ ទៅទីនោះដោយដឹងថា យើងមានប្រធានាធិបតីថ្មីរួចហើយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅថ្ងៃទី៩ ខែឧសភា ប្រជាជនហ្វីលីពីន នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីស្នងតំណែង Duterte ដែលអាណត្តិ ៦ឆ្នាំ នឹងបញ្ចប់នៅខែមិថុនា។ លោក Duterte ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០១៦ ។ រដ្ឋធម្មនុញ្ញហ្វីលីពីនអនុញ្ញាតឲ្យប្រធានាធិបតី អាចកាន់តំណែងតែមួយអាណត្តិបាន ៦ឆ្នាំ។
ក្រសួងការបរទេសហ្វីលីពីន មិនទាន់បានចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការថាអ្នកណានឹងចូលរួម កិច្ចប្រជុំកំពូលនោះទេ។ លោក Duterte មិនដែល បានទៅទស្សនកិច្ច នៅសហរដ្ឋអាមេរិក អំឡុងពេលលោកកាន់តំណែងឡើយ ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលនេះ ក្រុម អាស៊ាន មាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម៕
ប្រែសម្រួល ឈូក បូរ៉ា