ព័ត៌មានជាតិ

ទស្សនះមិត្តអ្នកអាន : «ការបំពានច្បាប់ ម្តងហើយម្តង ទៀតរបស់សហជីព នៃក្រុមហ៊ុន ណាហ្គាវើល!»

ក្រៅពីដឹកនាំការ ធ្វើបាតុកម្មខុសច្បាប់ មិនស្តាប់ការណែនាំ របស់អាជ្ញាធរ មិនទទួលយកដំណោះស្រាយ របស់ក្រុមប្រឹក្សា អាជ្ញាកណ្តាល និងមិនទទួលយកដំណោះស្រាយ តាមច្បាប់ការងារ ដោយដឹកនាំការតវ៉ា ខុសច្បាប់ ខុសទំនង អស់ជាច្រើនខែ ឥឡូវនេះសហជីពខាងលើ ក៍បានបន្តបំពានច្បាប់ យ៉ាងគឃ្លើនម្តងទៀត តាមរយៈការរៀបចំបោះឆ្នោត ខុសពីលក្ខន្តិកៈ និងខុសច្បាប់ ស្តីពីសហជីព។

សហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើល ដែលមាននាង ឈឹម ស៊ីថរ ជាប្រធាន បានផុតអាណត្តិកាលពីថ្ងៃទី ២៥ មេសាឆ្នាំ ២០២២ ។
អនុលោម តាមច្បាប់សហជីព និងស្របតាមលក្ខន្តិកៈរបស់ខ្លួន សហជីពនេះត្រូវធ្វើមហាសន្និបាតដើម្បីជ្រើសរើសថ្នាក់ ដឹកនាំថ្មីរបស់ខ្លួន ។ ប៉ុន្តែ សហជីពនេះ បែរជាបំពានច្បាប់ ដោយរៀបចំការបោះឆ្នោតមួយ ដែលមិនស្របតាមច្បាប់ ស្តីពីសហជីព និង លក្ខន្តិកៈរបស់ខ្លួនទៅវិញ។ ពួកគេមិនបានធ្វើមហាសន្និបាតទេ តែបែរជារៀបចំការ បោះឆ្នោតដែលមិនគ្រប់លក្ខណៈ ពោល គឺការបោះឆ្នោដោយមាន អ្នកចូលរួមជាដំណក់ៗ មិនគ្រប់កូរ៉ុម (៥០%បូក១) និងគ្មានការឯកភាពផ្ទៃក្នុង ។

អ្វីដែលគួរឲ្យចម្លែកថែមទៀត នោះគឺ អ្នកឈរឈ្មោះបោះឆ្នោត និងអ្នកបោះឆ្នោតមួយចំនួនជាមនុស្សដែលគ្មានសិទ្ធិឈរឈ្មោះ និងគ្មានសិទ្ធិបោះឆ្នោតឡើយ ពីព្រោះតែពួកគេលែងជា បុគ្គលិក របស់ក្រុមហ៊ុនណាហ្គាវើលទៀត ហើយ ចាប់តាំងពីត្រូវបានបញ្ឈប់ពីការងារ ដោយមូលហេតុវិបត្តិកូវីដ ១៩ ។

ដូច្នេះ ដើម្បីបន្តសកម្មភាពនយោបាយជ្រកក្រោម ស្លាកសហជីពរបស់ខ្លួន ពួកគេបានរៀបចំការបោះឆ្នោតខុសច្បាប់នេះឡើង ដើម្បីបន្លំភ្នែកមហាជនថា ខ្លួនទទួលបានសុពលភាពជាថ្មីជាថ្នាក់ដឹកនាំសហជីពបន្ត។

វាពិតជារឿងគួរឲ្យសោកស្តាយ និងគួរឲ្យខ្មាសអៀនបំផុត ដែលអង្គការសហជីពមួយបែរ ជាបំពានច្បាប់ម្តងហើយម្តងទៀត ព្រោះតែបម្រើមហិច្ឆតា នយោបាយ ។ ជាអង្គការសហជីព គួរតែធ្វើជាគំរូ ក្នុងការអនុវត្តច្បាប់ស្តី ពីការងារនិងច្បាប់ ស្តីពីសហជីព រួមទាំងការគោរពលក្ខន្តិកៈរបស់ខ្លួនផង ។ ប៉ុន្តែ សហជីពមួយនេះបែរជាធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយមិនគិតពីច្បាប់ និងមិនគិតពីភាពសមរម្យ ឬសេចក្តីថ្លៃថ្នូរអ្វីឡើយ ។

អ្វីដែលពួកគេចង់បាន គឺធ្វើយ៉ាងណាបង្កអស្ថិរភាពសង្គម អសណ្តាប់ធ្នាប់ដើម្បីបំរើមហិច្ឆតា អ្នកនយោបាយនៅពី ក្រោយខ្នង។ នៅលើលោកនេះ គ្មានអង្គការសង្គមស៊ីវិល ឬអង្គការនយោបាយណាមួយ ដែលរៀបចំការបោះឆ្នោត ជ្រើសរើស មេដឹកនាំដោយការប្រមូល មនុស្សម្តងមួយក្រុមៗ ហើយយកមកបូកបញ្ចូលគ្នា បែបនេះឡើយ ។ ការធ្វើសមាជ ឬមហាសន្និបាតត្រូវរៀបចំឡើង ក្នុងពេលតែមួយ និង ដោយមានកូរ៉ុម គ្រប់ចំនួនទើបការ បោះឆ្នោត មានសុពលភាព ។ ចុះហេតុអ្វីបានជាសហជីពមួយននៃក្រុមហ៊ុនណាហ្គាវើលមួយនេះដឹកនាំដោយក្រុមឈឹម ស៊ីថរ ហ៊ានបំពានច្បាប់ និងលក្ខន្តិកៈរបស់ខ្លួន យ៉ាង ងងើលបែបនេះ? មានហេតុផលច្រើនយ៉ាង ដែលអាចពន្យល់រឿងនេះបាន៖

ទី១៖ មកពីសហជីពនេះ បាត់បង់ការគាំទ្រពីសមាជិក របស់ខ្លួនដោយសមាជិកភាគច្រើន មិនផ្តល់ទំនុកចិត្ត ទៅលើការដឹកនាំរបស់ ឈឹម ស៊ីថរ និងបក្ខពួកទៀតឡើយ ដោយសារតែពួកគេ យកសហជីពទៅបម្រើនយោបាយធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករ និយោជិត និងបាត់បង់តម្លៃ របស់សហជីព ។ ជាក់ស្តែង ការដឹកនាំការតវ៉ាឲ្យថៅកែ ទទួលយកបុគ្គលិកមួយក្តាប់តូចចូលធ្វើការវិញ ត្រូវគេមើលឃើញថា គឺជាការទាមទារដែលគ្មាន មូលដ្ឋានច្បាប់ និងគ្មានភាពសមទំនងទាល់តែសោះ ។

ទី២៖ ដោយសារតែការប្រមូល សមាជិកធ្វើមហាសន្និបាត មិនបានគ្រប់ចំនួន និងដោយសារ តែមហិច្ឆតា ចង់ធ្វើមេដឹកនាំសហជីពនេះ បន្តដើម្បីចិញ្ចឹមទំនាស់ ក្នុងក្រុមហ៊ុនណាហ្គាវើល ទើបពួកគេគ្មានជម្រើសអ្វី ក្រៅពីរៀប ចំការបោះឆ្នោតបែប បាយឡុកបាយឡនេះឡើង ដោយបំពានច្បាប់ និងលក្ខិកៈទាំងស្រុង ពីព្រោះចាប់ពីថ្ងៃទី ២៥ មេសា តទៅ ឈឹម ស៊ីថរ និងក្បាលម៉ាស៊ីនដឹកនាំសហជីពមួយ នេះអស់សុពលភាពក្នុងការ ដឹកនាំសហជីពនេះទៀតហើយ ។

ម្យ៉ាងទៀត មានសមាជិកសហជីពមួយចំនួន ក៏បានជំទាស់តាមរយៈលិខិតជាសាធារណៈទៅនឹការ បោះឆ្នោតខុសនីតិវិធីនេះដែរ។

ទី៣៖ ឈឹម ស៊ីថរ និងបក្ខពួក មួយក្តាប់តូចនេះមានបំណង ចង់ក្រាញននៀល ដើម្បីបន្តសកម្មភាព ខុសច្បាប់របស់ខ្លួន ក្នុងន័យបង្កការ អុកឡុកក្រុមហ៊ុនណាហ្គាវើល ក៏ដូចជាបង្កបញ្ហាដល់អាជ្ញាធរមាន សមត្ថកិច្ចក្រោមលេសទាមទារសិទ្ធិការងារ។ ដើម្បីបន្តសកម្មភាព នេះបាន ទាល់តែខ្លួនត្រូវបាន បោះឆ្នោតឲ្យធ្វើជាប្រធាន និងថ្នាក់ដឹកនាំសហជីពនេះបន្តទៀត។ ប៉ុន្តែ បើរៀបចំបោះឆ្នោតតាមច្បាប់ និងតាមលក្ខន្តិកៈ ពួកគេមិនអាចធ្វើទៅរួចឡើយ ដូច្នេះ ពួកគេក៏បង្ខំចិត្តរៀបចំការ ឆ្នោបាយឡុកបាយឡនេះឡើងក្នុង «ទំរង់ប្រជុំដែលមានកូរ៉ុម តាមបែបច្រណិត ត្រសក់និងបោះឆ្នោត ជាច្រណិតត្រសក់» ទោះជាអាក្រក់មើលនិង ខុសគោលការណ៍យ៉ាងណាក៏ ដោយ។

សរុបមកវិញ សហជីពដែលដឹកនាំដោយ ឈឹម ស៊ីថរ បាននិងកំពុងធ្វើសកម្មភាពបំពាន ច្បាប់ជាបន្តបន្ទាប់ម្តងហើយម្តង ទៀតឥតឈប់ឈរឡើយ។

ប្រឈមមុខចំពោះបញ្ហាបែបនេះ បុគ្គលិកនិងកម្មករដែលកំពុងចូលរួមក្នុងការតវ៉ាខុសច្បាប់នេះ គួរតែដកខ្លួនចេញពីសហជីពដែលក្រុម ឈឹម ស៊ីថរកំពុងរៀបចំនេះ ព្រោះនេះជា «ការបង្កើតអង្គការសហជីពខុសច្បាប់»។ ម៉្យាងវិញទៀត អាជ្ញាធរមាន សមត្ថកិច្ច គួរតែពិចារណា វិធានការផ្លូវច្បាប់ ឲ្យបានតឹងរ៉ឹង បំផុតផងដែរ ចំពោះក្រុមមនុស្សប្រភេទនេះ ដោយមិនគួរទុកឲ្យពួកគេបន្តបង្កព្យុះភ្លៀង តាមបែបអាណាធិប្បតេយ្យនិងបំពានច្បាប់ នៅក្នុងសង្គមបែបនេះ ទៀតឡើយ៕
ដោយ: អ្នកនយោបាយតុកាហ្វេ

To Top