ព័ត៌មានអន្តរជាតិ

នាយកគ្រប់គ្រង IMF ឆ្លងវីរុសកូវីដ-១៩

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Kristalina Georgieva បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។

លោក Gerry Rice អ្នកនាំពាក្យរបស់ IMF បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកស្រីកំពុងមានរោគសញ្ញាស្រាល ហើយកំពុងធ្វើការពីចម្ងាយ ខណៈដែលនៅដាច់ដោយឡែកពីគេនៅផ្ទះ” ។

សេចក្តីថ្លែងការណ៍បានដាក់ថា “ស្តង់ដារ IMF និង CDC (មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក) ពិធីសារកូវីដ-១៩កំពុងត្រូវបានអនុវត្ត” ។

ដំណឹងចុងក្រោយនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំ និទាឃរដូវ ឆ្នាំ២០២២របស់ IMF និងក្រុមធនាគារពិភពលោក ដែលបានធ្វើឡើងនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសានេះ ហើយបានប្រមូលផ្តុំធនាគារកណ្តាល រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ និងនាយកប្រតិបត្តិផ្នែកឯកជនផងដែរ ហើយក្នុងចំណោមអ្នកដទៃទៀត ដើម្បីពិភាក្សាអំពីវិបត្តិជាសកល ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top