គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ីបានវាយលុកតំបន់ Donbas ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ប៉ុន្តែបានបរាជ័យក្នុងការចាប់យក តំបន់គោលដៅចំនួន៣ ខណៈដែលទីក្រុងម៉ូស្គូបានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់ លោកខាងលិចមកលើរុស្ស៊ី និងការបញ្ជូនអាវុធទៅអ៊ុយក្រែន កំពុងរារាំងការចរចាសន្តិភាព ។
អគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនបានលើកឡើង នៅក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗប្រចាំថ្ងៃថា ជនជាតិរុស្ស៊ី កំពុងព្យាយាមវាយយកតំបន់ Lyman ក្នុងក្រុង Donetsk និង Sievierodonetsk និង Popasna ក្នុង Luhansk ។ អគ្គសេនាធិការបានលើកឡើងថា “មិនជោគជ័យ ហើយការប្រយុទ្ធនៅតែបន្ត” ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅក្នុងសុន្ទរកថាដែលបាន ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ បានថ្លែងថា ការដកទណ្ឌកម្មរបស់ លោកខាងលិចមកលើរុស្ស៊ី គឺជាផ្នែកនៃកិច្ចចរចាសន្តិភាព ដែលលោកបានលើកឡើងថា មានការពិបាក ប៉ុន្តែបន្តជារៀងរាល់ថ្ងៃ តាមរយៈតំណភ្ជាប់វីដេអូ ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទទូចចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈថា ទណ្ឌកម្មចាំបាច់ត្រូវពង្រឹង ហើយមិនអាចជាផ្នែកមួយ នៃការចរចាបាននោះទេ ។ លោកបានលើកឡើងកាលពីថ្ងៃសុក្រថា មានហានិភ័យខ្ពស់ដែលកិច្ចពិភាក្សា នឹងបញ្ចប់ដោយសារតែអ្វីដែល លោកហៅថា “ទំព័រស្តីពីការសម្លាប់មនុស្ស” របស់រុស្ស៊ី ។
ប្រទេសអ៊ុយក្រែន បានចោទប្រកាន់ទាហានរុស្ស៊ី ពីអំពើឃោរឃៅនៅតំបន់ក្បែររដ្ឋធានីគៀវ ដែលពួកគេកាន់កាប់កាលពីមុន ។ ទីក្រុងម៉ូស្គូបានបដិសេធពីការអះអាងនេះ ។
លោក Lavrov បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតរបស់អង្គការ NATO ពិតជាចាប់អារម្មណ៍ក្នុងការ ដោះស្រាយវិបត្តិអ៊ុយក្រែន ពួកគេគួរតែបញ្ឈប់ការបញ្ជូនអាវុធទៅកាន់ទីក្រុង គៀវ ។
ចំណែកក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ចូ បៃដិន បានស្នើកញ្ចប់ជំនួយចំនួន ៣៣ពាន់លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន រួមទាំង២២០ពាន់លានដុល្លារអាមេរិក សម្រាប់សព្វាវុធ បានទទួលការគាំទ្រទ្វេភាគី ។ ប្រធានសភាតំណាងរាស្រ្ត Nancy Pelosi បានលើកឡើងកាលពីថ្ងៃសុក្រថា លោកស្រីសង្ឃឹមថា សភានឹងអនុម័តកញ្ចប់នេះឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា