នៅតំបន់ទីប្រភព នៃទន្លេទាំងបីដែលស្ថិតនៅខេត្ត Qinghai ភាគពាយ័ព្យ នៃប្រទេសចិន ជាតំបន់ទីប្រភព នៃទន្លេយ៉ង់សេ ទន្លេលឿងនិងទន្លេឡានឆាង ត្រូវគេដាក់ឈ្មោះថា “ប៉មទឹករបស់ប្រជាជាតិចិន” និង “ប៉មទឹករបស់អាស៊ី” តំបន់នេះមានរយៈកម្ពស់ជាង ៤ពាន់ម៉ែត្រ ។ នៅទីនេះមានទេសភាព ភូមិសាស្ត្ររៃបផៃស នៅលើពិភពលោក ដីទឹកកក ដ៏ធំល្វឹងល្វើយ ភ្នំទឹកកក និងជ្រលងភ្នំដ៏ធំ ហើយពោរពេញ ទៅដោយរុក្ខជាតិនិង សត្វព្រៃកម្រ ទីនេះជាតំបន់ខ្ពង់រាប នៅលើពិភពលោក ដែលប្រមូលផ្តុំជីវចម្រុះច្រើនបំផុត ។
ដោយមកពីកត្តា ដូចជាបម្រែបម្រួលធម្មជាតិ និងសកម្មភាព របស់មនុស្សជាតិជាដើម តំបន់ទីប្រភព នៃទន្លេទាំងបីធ្លាប់កើតមាន សភាពការណ៍ ដូចជាវាលស្មៅក្លាយទៅជាវាលខ្សាច់ និងទឹកទន្លេត្រូវផ្តាច់ ។ កាលពីឆ្នាំ២០១៦ គម្រោងសាកល្បង នៃឧទ្យានជាតិប្រភពទន្លេទាំងបី ដែលជាទីតាំងសាកល្បង នៅឧទ្យានជាតិ មុនគេបង្អស់ របស់ប្រទេសចិន បានចាប់ដំណើរការ ហើយបានបង្កើតយន្តការ ការងារអភិរក្សបរិស្ថាន បែបប្រយោជន៍សាធារណៈ ហៅថា “គ្រួសារមួយអ្នកល្បាតមួយ” ពោលគឺនៅឧទ្យាននេះ ក្នុងគ្រួសារនីមួយៗសុទ្ធតែមានអ្នកអភិរក្សបរិស្ថានម្នាក់ ។ អ្នកគង្វាលទាំងឡាយ បានថែរក្សាប្រភពទឹក ខណៈពេលចូលរួមកម្មវិធីការពារបរិស្ថាន ក៏អាចទទួលបានផលប្រយោជន៍ ពោលគឺប្រែពីអ្នកប្រើប្រាស់ វាលស្មៅក្លាយទៅជាអ្នកការពារបរិស្ថាននិងអ្នកទទួលបានផលប្រយោជន៍ពីការងារអភិរក្សបរិស្ថានជាសន្សឹមៗ ។ លោកតា An Cai ជាអ្នកអភិរក្សបរិស្ថានម្នាក់ ។
ជារៀងរាល់ថ្ងៃ លោកតា An Cai និងអ្នកអភិរក្សបរិស្ថាន ផ្សេងទៀត រួមគ្នាយាមល្បាតក្នុងឧទ្យានជាតិប្រភពទន្លេទាំងបី ដើរលើទឹកកក រើសសំរាមនិង ចោលសំរាម នៅទីកន្លែងប្រមូលផ្តុំសំរាម ។ សួនឧទ្យានជាតិប្រភពទន្លេទាំងបី អ្នកអភិរក្សបរិស្ថានដូច លោកតា An Cai អ៊ីចឹង រួមទាំងអស់ មានចំនួនលើសពី២ម៉ឺននាក់ ។ ពួកគេធ្វើការងារថែរក្សាវាលស្មៅស្ទង់ ពិនិត្យគុណភាពបរិស្ថាន និងឧតុនិយមជាដើម ។
ក្រោមការខិតខំប្រឹងប្រែងរបស់ “អ្នកអភិរក្សបៃតង”នៅតំបន់ទីប្រភពនៃទន្លេទាំងបីដូច លោកតា An Cai ជាដើម ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អេកូ-បរិស្ថានក្នុងឧទ្យាននេះ មានសភាពកាន់តែល្អ ប្រសើរជាបន្តបន្ទាប់ សត្វព្រៃមានចំនួនកាន់តែច្រើនឡើងៗ ដីសើមដ៏មានជីជាតិ បានក្លាយទៅជាទីជម្រក របស់សត្វស្លាបព្រៃ ដូចជាក្ងាន ព្រៃនិងទាក្រហមជាដើម ៕