ព័ត៌មានជាតិ

វិស័យឯកជន បន្តបណ្តាក់ទុនទិញ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការអំពាវនាវរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក វិស័យឯកជនដែលរកស៊ី នៅកម្ពុជាបានបន្តបណ្តាក់ទុន ទិញគម្រោងការសាងសង់ និងអភិវឌ្ឈន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា ។

ការបណ្តាក់ទុននេះ បន្ទាប់ពីពួកគេបានមើលឃើញថា ប្រទេសមានការអភិវឌ្ឍ និងមានសុខសន្តិភាពក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ ជាក់ស្តែងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វិស័យឯកជនមានឈ្មោះថា AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១លានដុល្លារ នៅលើសញ្ញាបណ្ណមានបុគ្គលធានា របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ។

តំណាងវិស័យនេះ បានលើកឡើងថា ទឹកប្រាក់វិនិយោគដែល ទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

លោក គា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានថ្លែងថា “គ្រឹះស្ថាន លោកពិតជាមានមោទកភាព ដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្តុដំបូងគេ លើការវិនិយោគសញ្ញាបណ្ណមាន បុគ្គលធានារបស់អាកាស យានដ្ឋានអន្តរជាតិតេជោ និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជម្រុញ ទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា” ។

សូមជម្រាបថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ៕

To Top