ព័ត៌មានអន្តរជាតិ

លោក បៃដិន នឹង ប្ដេជ្ញាការរារាំងនុយក្លេអ៊ែរ ក្នុងដំណើរទស្សនកិច្ច នៅអាស៊ី

តូក្យូ៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីលោក ចូ បៃដិន នឹងបញ្ជាក់ឱ្យច្បាស់ក្នុងកំឡុងដំណើរទស្សនកិច្ច របស់លោកទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅចុងខែនេះ នូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដ៏រឹងមាំ ដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងតាមរយៈការទប់ស្កាត់នុយក្លេអ៊ែរ ចំពេលមានការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង។

លោកស្រី Jen Psaki លេខាធិការសារព័ត៌មាន បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវអ្វីដែលហៅថា ការរារាំងបន្ថែមដល់សម្ព័ន្ធមិត្តអាស៊ីទាំងពីរ នឹងត្រូវបានបញ្ជាក់សារជាថ្មី ដោយមើលឃើញថា “ការបន្តសកម្មភាពអស្ថិរភាពរបស់កូរ៉េខាងជើង នៅក្នុងតំបន់ រួមទាំងការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីបជាច្រើន”។

កាលពីខែមីនា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់បង្ហោះមីស៊ីល ICBM ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មក ដោយបានបង្ហាញពីការបញ្ចប់ការផ្អាក ការបាញ់សាកល្បងដោយខ្លួនឯង ដែលបានអូសបន្លាយដល់ខែមេសា ឆ្នាំ២០១៨ ។ ខ្លួនក៏បានសាកល្បងប្រព័ន្ធ ICBM ក្នុងការសាកល្បងកាំជ្រួចមុនៗផងដែរ។

ពេលនេះក្តីបារម្ភកំពុងកើនឡើងដែលថា ទីក្រុងព្យុងយ៉ាងក៏អាចឈានទៅមុខ ជាមួយនឹងការសាកល្បងនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ ។

សឆរព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកវាយតម្លៃថា កូរ៉េខាងជើង អាចត្រៀមខ្លួនជាស្រេចក្នុងការបន្តការ សាកល្បងនុយក្លេអ៊ែរនៅក្រោមដីក្នុងខែនេះ នៅឯទីតាំង Punggye-ri ដោយបានលើកឡើងពីមន្ត្រីអាមេរិក ៣នាក់។

សញ្ញានៃបុគ្គលិក និងសកម្មភាពយានជំនិះនៅទីតាំង Punggye-ri ដែលកូរ៉េខាងជើង ទទូចថាខ្លួនបានកម្ទេចចោលក្នុងឆ្នាំ២០១៨ ត្រូវបានគេមើលឃើញតាមរយៈ រូបភាពពីផ្កាយរណប ប៉ុន្តែមន្ត្រីមិនដឹងថា តើរបបនេះបានដាក់សម្ភារៈនុយក្លេអ៊ែរ នៅក្នុងផ្លូវរូងក្រោមដីនៅទីនោះ ឬយ៉ាងណានោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top