ព័ត៌មានអន្តរជាតិ

ចារកម្ម អាមេរិក ៖ គោលដៅ អ៊ុយក្រែន របស់លោក ពូទីន នៅតែលាតសន្ធឹង ហួសពីតំបន់ដុនបាស

វ៉ាស៊ីនតោន ៖ ការសម្រេចចិត្ត របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការផ្តោតលើកិច្ច ខិតខំប្រឹងប្រែង យោធា របស់លោកនៅភាគខាងកើត អ៊ុយក្រែន គឺប្រហែលជា “ការផ្លាស់ប្តូរបណ្តោះអាសន្ន ដើម្បីទទួលការផ្តួចផ្តើមគំនិត ឡើងវិញ” នេះបើតាមមន្ត្រីចារកម្ម កំពូលរបស់សហរដ្ឋអាមេរិក បានប្រាប់សមាជិកព្រឹទ្ធសភា កាលពីថ្ងៃអង្គារ។

លោកស្រី Avril Haines នាយកផ្នែកចារកម្មជាតិ បានប្រាប់សវនាការ នៃគណៈកម្មាធិការសេវាប្រដាប់ អាវុធព្រឹទ្ធសភាស្តីពី “ការគំរាមកំហែង ទូទាំងពិភពលោក” ថា “យើងវាយតម្លៃប្រធានាធិបតី លោក ពូទីន កំពុងរៀបចំសម្រាប់ជម្លោះអូសបន្លាយ ក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេល ដែលលោកនៅតែមានបំណងសម្រេច បាននូវគោលដៅ លើសពីតំបន់ដុនបាស” ។

លោកស្រី Haines បានលើកឡើងថា លោក ពូទីន ទំនងជាមានគោលបំណង ពង្រីកស្ពានដីរុស្ស៊ីនៅអ៊ុយក្រែន ពីតំបន់ដុនបាស ភាគខាងកើតទៅកាន់តំបន់ដាច់ចេញពី Transnistria របស់ប្រទេសម៉ុលដាវី ។

អ្នកស្រី Haines បានបន្ដថា ប៉ុន្មានខែខាងមុខអាចឃើញជម្លោះ ចូលទៅក្នុងគន្លង “មិនអាចទាយទុកជាមុនបាន” កាន់តែខ្លាំងឡើង និង “មានសក្តានុពលកាន់តែខ្លាំង” រួមទាំងការសម្រេចចិត្តដោយឯកឯង នៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ឧត្តមសេនីយ៍ឯក Scott Berrier នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ការពារជាតិបានប្រាប់សមាជិកព្រឹទ្ធសភា នៅក្នុងសវនាការឲ្យដឹងថា ភាពទន់ខ្សោយរបស់រុស្ស៊ី នៅអ៊ុយក្រែន អាចធ្វើឱ្យអំណាច របស់ទី ក្រុងម៉ូស្គូ ចុះខ្សោយ ប៉ុន្តែទុកឱ្យវាកាន់តែមានការប្តេជ្ញាចិត្ត ក្នុងការប្រឈមមុខ ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក៏ដូចជាការគំរាមកំហែង នុយក្លេអ៊ែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top