ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះការហាមឃាត់ របស់កាណាដា លើឧបករណ៍ ទូរគមនាគមន៍ Huawei និង ZTE

ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះការហាមឃាត់ចុង ក្រោយបង្អស់ របស់ប្រទេសកាណាដា លើការប្រើប្រាស់ឧបករណ៍ និងសេវាកម្មពីក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិន Huawei និង ZTE នៅក្នុងប្រព័ន្ធ ទូរគមនាគមន៍របស់ខ្លួន។

ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការដកផលិតផល និងសេវាកម្ម Huawei និង ZTE ចេញពីប្រព័ន្ធ ទូរគមនាគមន៍របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលកាណាដា បានដាក់បម្រាមលើសហគ្រាសចិន ដោយលើកឡើង ពីការព្រួយបារម្ភអំពី “សន្តិសុខជាតិ” ដោយខ្វះភស្តុតាងជាក់ស្តែងណាមួយ ដោយសង្កត់ធ្ងន់ថា ទង្វើនេះគឺ ជាការសម្រេចចិត្តខុស និងបានបញ្ជូន សញ្ញាមិនពិត។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា សកម្មភាពនេះបានបំពានគោលការណ៍ សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មសេរី ធ្វើឱ្យខូចផលប្រយោជន៍ ពាណិជ្ជកម្ម របស់ក្រុមហ៊ុនចិន និងកាណាដា និង ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់ក្រុមហ៊ុន នៃប្រទេសទាំងពីរ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមក ។ វានឹងនាំឱ្យមានផលប៉ះពាល់អវិជ្ជមាន លើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កាណាដា។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងជំរុញឱ្យភាគីកាណាដា ចាត់ទុកកិច្ចសហប្រតិបត្តិការ ចិន-កាណាដា ក្នុងគោលបំណង និងសមហេតុផល ហើយលុបចោលនូវទង្វើ ខុសឆ្គងរបស់ខ្លួនជាបន្ទាន់” ៕ប្រែសម្រួល ឈូក បូរ៉ា

To Top