ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ពលរដ្ឋខ្មែរ នៅក្រៅប្រទេសថា សម្ដេច គ្មានសិទ្ធិយកដីខ្មែរ ឱ្យប្រទេសណាមួយឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសថា សម្ដេច គ្មានសិទ្ធិយកដីខ្មែរ សូម្បីតែមួយមីលីម៉ែត្រ ទៅឲ្យប្រទេសណាមួយឡើយ។

នាឱកាសជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នាទីក្រុងសូរិក ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា បើសម្ដេច ប្រុងកាត់ដីឲ្យវៀតណាម ដូចអ្វីជាការចោទប្រកាន់នោះ មិនមែន សម្ដេច ខិតខំចរចាសូម្បីតែ មួយតឹក មួយផឹង។

សម្ដេចតេជោ បញ្ជាក់ថា «យើងបានបោះបង្គោលព្រំដែនបាន៨៤ភាគរយ នៅសល់១៦ភាគរយទៀត ប៉ុន្ដែថ្មីៗនេះគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ ៦ភាគរយ ប្រជុំរួចហើយ ខាងវៀតណាមសុំយោបល់ខាងវៀតណាម ខាងកម្ពុជាសុំយោបល់ខាងកម្ពុជា ឯកម្ពុជាងាយទេ ដោយសារខ្ញុំជាប្រធានអាជ្ញាធរគ្រប់គ្រងព្រំដែន។ ខ្ញុំអញ្ជើញនាយករដ្ឋមន្ដ្រីវៀតណាមមកទស្សនកិច្ច អាចនឹងចុះហត្ថលេខាលើ ៦ភាគរយនេះទៀត»។

សម្ដេចតេជោ រំលឹកថា កម្ពុជា-វៀតណាម ឯកភាពគ្នា ស្នើសុំអ្នកជំនាញការបារាំង ដើម្បីជួយផ្ទេរផែនទី ពីផែនទីបោន ខ្នាត១ លើ១០០០ពាន់ មកផែនទី UTM ខ្នាត១ លើ៥០ពាន់ ដើម្បីមានភាពច្បាស់លាស់ងាយស្រួល ក្នុងការបោះបង្គោលព្រំដែន។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «ខ្ញុំគ្មានសិទ្ធិយកដីខ្មែរ សូម្បីមួយមីល្លីម៉ែត្រឲ្យប្រទេសណាទេ។ បើដីក្នុងស្រុកខ្មែរជាដីចំការរបស់ខ្ញុំ ឬដីភូមិរបស់ខ្ញុំ អាចកាត់ឲ្យបានល្អ ព្រោះអាហ្នឹងជាកម្មសិទ្ធរបស់ខ្ញុំ។ ប៉ុន្ដែសម្រាប់ប្រទេស និងប្រទេសគឺអត់ទេ»។

សម្ដេចតេជោ បន្ដថា ក្រោយសន្ដិភាព បញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ សម្ដេច ក៏បានដាក់ចេញគោលដៅ២ សំខាន់ ,ទី១-ប្រែក្លាយដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍ និងទី២- ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាមួយព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោ រៀបរាប់ថា បច្ចុប្បន្ននេះគោលដៅទី១ សម្រេចបានរហូតទៅដល់ ៩៥ភាគរយ រួចស្រេចទៅហើយ ដែលប្រែក្លាយពីតំបន់អតីតសមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ សម្ដេច ថា នៅសល់ ៥ភាគរយទៀត ដោយសារជាតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលកំពុងខិតខំប្រឹងប្រែងលើការងារដោះមីនបន្ដទៀត។

ឯតាមព្រំដែនកម្ពុជា ជាមួយប្រទេសវៀតណាម ថៃ និងឡាវ សម្ដេចតេជោ អះអាងថា កម្ពុជា ដោះស្រាយជាមួយឡាវ បាន ៨៦ភាគរយ, វៀតណាម បាន ៨៤ភាគរយ (៦ភាគរយទើបឯកភាព សរុប ៩០ភាគរយ) ដោយឡែកថៃ ទទួលស្គាល់បង្គោលចាស់ដែលបានរកឃើញ ហើយបានបង្កើតគណៈកម្មការចម្រុះ ដើម្បីបន្ដការងាររឿងនេះ។ សម្ដេច ថា មិនទុកបញ្ហានេះ ឲ្យនៅជាចំណាត់ខ្មាំងឡើយ៕

To Top