ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយលោក Remco Johannes va Wijngaarden ឯកអគ្គរាជទូត ហូឡង់ប្រចាំកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងបាងកក ភាគីទាំងពីរបានបង្ហាញ គោលបំណងនិងក្តីសង្ឃឹម ក្នុងការជំរុញឲ្យមានទំនាក់ទំនង កាន់តែជិតស្និទ្ធ លើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទាំងពីរ ដោយរួមទាំងការបើកច្រក កិច្ចសហប្រតិបត្តិការ ក្នុងកម្រិតណាមួយ រវាងកងទ័ព កម្ពុជានិងហូឡង់ ។
ជំនួបនេះធ្វើឡើង នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ ក្នុងជំនួបនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លើកឡើងពីចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ហូឡង់ពិសេសសកម្មភាព ផ្លាស់ប្តូរក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដែលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ទោះបីមានផលប៉ះពាល់ខ្លះ បង្កឡើងជំងឺរាតត្បាតកូវីដ-១៩ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសម្តែងការអរគុណព្រះមហាក្សត្រ រដ្ឋាភិបាល និងប្រជាជន ក៏ដូចជាកងទ័ពហូឡង់ បានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងកិច្ចការសំខាន់ៗជាច្រើនដូចជា ៖ ជួយដល់សកម្មភាពកំចាត់មីននៅកម្ពុជា , ការគាំទ្រផ្នែកថវិកា ដល់ដំណើរការរបស់តុលាការ កាត់ទោសខ្មែរក្រហម និងការផ្តល់ជំនួយវ៉ាក់សាំង AstraZeneca តាមរយៈយន្តការ COVAX ។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានរំឭកអំពីទំនាក់ទំនង ជាប្រវត្តិសាស្ត្រដ៏យូរលង់រវាង ហូឡង់និងកម្ពុជា នៅក្នុងការដោះដូរពាណិជ្ជកម្ម តាមដងទន្លេមេគង្គ ហើយមកទល់សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មទ្វេភាគី រួមទាំងវិស័យទេសចរណ៍ផង ក៏បន្តកើនឡើងគួរកត់សម្គាល់ និងប្រកបដោយសក្តានុពល។
លោកឯកអគ្គរាជទូត ក៏រវាយតម្លៃខ្ពស់ ចំពោះដំណើរវិវត្តន៍ជាវិជ្ជមាន នៃស្ថានការណ៍នយោបាយនៅកម្ពុជា ដែលស្តែងឡើងតាមរយៈដំណើរការរៀបចំ ជាប្រក្រតី នៃការបោះឆ្នោតឃុំ-សង្កាត់ នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៣ខាងមុខ ព្រមទាំងសង្ឃឹមថា ជោគជ័យនៃដំណើរការប្រជាធិបតេយ្យនេះ គឺជាជោគជ័យរួមសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល៕