ព័ត៌មានអន្តរជាតិ

UPDATE: រកឃើញសាកសព ចំនួន១៤នាក់ បន្ទាប់ពីមានករណីធ្លាក់យន្តហោះ ១គ្រឿងនៅនេប៉ាល់

កាម្ម៉ង់ឌូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិល នេប៉ាល់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សាកសពចំនួន១៤នាក់ ត្រូវបានគេរកឃើញ ពីកន្លែងធ្លាក់យន្តហោះ ដឹកអ្នកដំណើរនេប៉ាល់ នៅតំបន់ភ្នំដាច់ស្រយាលមួយ ក្នុងសង្កាត់ Mustang ប្រទេសនេប៉ាល់ ។

ទីភ្នាក់ងារអាកាសចរណ៍ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សាកសពចំនួន១៤នាក់ ត្រូវបានគេរកឃើញពីកន្លែង ប៉ុន្តែអត្តសញ្ញាណ របស់ពួកគេមិនទាន់ ត្រូវបានបង្ហាញនៅឡើយទេ” ។

យន្តហោះ Twin Otter ជួបហេតុការណ៍ដ៏អាក្រក់នេះ បានដឹកអ្នកដំណើរ១៩នាក់ និងសមាជិកនាវិក៣នាក់ នៅគ្រាដែលយន្តហោះបានបាត់ការទាក់ទងកាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្មាននាទីបន្ទាប់ពីបានហោះចេញពីទីក្រុង Pokhara នៃប្រទេសនេប៉ាល់ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងភ្នំ Jomsom ក្នុងស្រុក Mustang ។ ជនជាតិឥណ្ឌា៤នាក់ និងជនជាតិអាល្លឺម៉ង់២នាក់បានជិះយន្តហោះ ។

មិនដឹងថាតើលក្ខខណ្ឌមិនសូវល្អ បានរារាំងប្រតិបត្តិការរុករក និងជួយសង្គ្រោះដែលដឹកនាំដោយកងទ័ពនេប៉ាល់ដែរឬយ៉ាងទេ ។

ក្រុមជួយសង្គ្រោះដែលមានសមាជិកចំនួន១១នាក់កំពុងស្ថិតនៅកន្លែងធ្លាក់យន្តហោះកំពុងស្វែងរកសាកសពជនរងគ្រោះ ហើយដោយសារតែអាកាសធាតុមិនល្អ គ្មានក្រុមផ្សេងទៀតអាចហោះហើរទៅកាន់កន្លែងនោះបានទេ នេះបើតាមលោក Netra Prasad Sharma ប្រធានស្រុក Mustang បានប្រាប់ដល់ស៊ិនហួដូច្នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top