រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានច្រានចោលការលើកឡើង របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Naftali Bennett ដែលក្នុងនោះលោកបានលើកឡើងថា “ទីក្រុងយេរ៉ូសាឡឹម គឺជាទីក្រុងបង្រួបបង្រួម” ។
អ្នកនាំពាក្យប្រធានាធិបតី ប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទីក្រុងយេរ៉ូសាឡឹមខាងកើត និងទីកន្លែងសក្ការៈទាំងអស់នឹងនៅតែជារដ្ឋធានី របស់រដ្ឋប៉ាឡេស្ទីន ក្រោមដំណោះស្រាយ របស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។
លោកបានលើកឡើងថា “សន្តិសុខ និងស្ថិរភាពនឹងមិនអាចសម្រេចបាន នៅក្នុងតំបន់នោះទេ ដរាបណាអ៊ីស្រាអែល នៅតែបន្តសង្រ្គាមលើ ប្រជាជនប៉ាឡេស្ទីន និងទឹកដីរបស់ពួកគេ”។
លោក Abu Rudeineh បានបន្ថែមមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវស្ថិរភាព និងសន្តិភាពជានិរន្តរ៍គឺ “ទទួលបានសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ដោយភាគច្រើនគឺការបង្កើត រដ្ឋប៉ាឡេស្ទីន ឯករាជ្យមួយជាមួយក្រុងយេរ៉ូសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន។
លោកបានកត់សម្គាល់ថា “ការកត់សម្គាល់របស់អ៊ីស្រាអែល នឹងមិនផ្តល់ភាពស្របច្បាប់ ដល់ការកាន់កាប់ទីក្រុងយេរ៉ូសាឡឹម នោះទេ” ដោយបន្ថែមថា សហរដ្ឋអាមេរិក ត្រូវបានស្នើសុំឱ្យទទួលខុសត្រូវ “ដើម្បីបញ្ឈប់ការបំពានរបស់អ៊ីស្រាអែល និងបញ្ឈប់គោលនយោបាយ ស្តង់ដារទ្វេរបស់ខ្លួន”៕
ប្រែសម្រួល ឈូក បូរ៉ា