ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើអាជ្ញាធរ ពង្រឹងយន្ដការបង្ការទប់ស្កាត់ អន្ដរាគមន៍ និងឆ្លើយតបលើករណីកុមារ ដើម្បីផ្ដល់សេវាយុត្តិធម៌សង្គម (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានស្នើដល់អាជ្ញាធរ បន្ដពង្រឹងយន្ដការសម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្ដរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៌សង្គម ដោយធានាឲ្យមានសមភាពរវាង កុមារា និងកុមារី។

តាមរយៈសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្ដរជាតិ ១មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឲ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបានគុណភាព និងគុណធម៌នៃការរស់នៅដោយចូលរួម យ៉ាងសកម្មពេញលេញស្មើភាពគ្នា ក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឲ្យមានឱកាស ក្នុងការអភិវឌ្ឍគ្រប់វិស័យ គ្រប់កម្រិត។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ សូមស្នើដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ដពង្រឹងយន្ដការសម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្ដរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្ដល់សេវាយុត្តិធម៌សង្គម ដោយធានាឲ្យមានសមភាពរវាង កុមារា និងកុមារី ព្រមទាំងបង្កើន ឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គម សម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត»។

សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរត្រូវពង្រឹង ការបញ្ជ្រាបចូលបញ្ហានៃការ រំលោភបំពានកុមារគ្រប់រូបភាព ជាពិសេស កុមារដែលបានបាត់បង់ការថែទាំពីឪពុកម្តាយ កុមារត្រូវការកិច្ចការពារពិសេស ទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីឲ្យមាតាបិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។

លើសពីនេះ សម្ដេចតេជោផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី ឬភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្ខិត ការផ្តល់សេវាសង្គមកិច្ចឲ្យកាន់តែកៀកទៅកុមារ និងសហគមន៍ ជាពិសេស កុមារងគ្រោះដោយឪពុកម្តាយ ទុកចោល កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាព ៕

To Top