ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ បញ្ជាឲ្យយន្តហោះរបស់ខ្លួន ហោះឡើងព្រមានដល់យន្តហោះចិន ២៩គ្រឿង ដែលហោះឆ្លងចូលតំបន់ ដែនអាកាសរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា កោះតៃវ៉ាន់បានបញ្ជា យន្តហោះកាលពីថ្ងៃអង្គារ ដើម្បីព្រមានយន្តហោះចិនចំនួន ២៩គ្រឿងដែលហោះឆ្លងចូល នៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន រួមទាំងយន្តហោះទម្លាក់គ្រាប់បែក ដែលបានហោះទៅភាគខាងត្បូងនៃដែនកោះ និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងភាពតានតឹងចុងក្រោយបំផុត និងការលុកលុយដ៏ធំបំផុត ចាប់តាំងពីចុងខែឧសភា។

កោះតៃវ៉ាន់ ដែលចិន បានអះអាងថា ជាទឹកដីរបស់ខ្លួន បានត្អូញត្អែរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ឬលើសពីនេះពីបេសកកម្មម្តងហើយម្តងទៀត ដោយកងកម្លាំងអាកាសចិន នៅជិតកោះដែលគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ជាញឹកញាប់នៅតំបន់ភាគនិរតីនៃ តំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ខ្លួន ឬហៅថា ADIZ ជិតនឹង ប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ។

កោះតៃវ៉ាន់ បានហៅសកម្មភាពយោធា ដែលនៅក្បែរនោះដដែលៗរបស់ចិនថា ជាតំបន់ប្រផេះនៃសង្គ្រាម ដែលរៀបចំឡើងដើម្បីបំបាត់ កម្លាំងរបស់កោះតៃវ៉ាន់ ដោយធ្វើឲ្យពួកគេឈ្លោះគ្នាម្តងហើយម្តងទៀត ហើយក៏ដើម្បីសាកល្បងការឆ្លើយតប របស់កោះតៃវ៉ាន់ផងដែរ ។

ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា បេសកកម្មចុងក្រោយរបស់ចិន រួមមានយន្តហោះចម្បាំង ១៧គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន៦គ្រឿង ក៏ដូចជាសង្គ្រាមអេឡិចត្រូនិក ការព្រមានជាមុន នាវាប្រឆាំងនាវាមុជទឹក និងយន្តហោះចាក់សាំងពីលើអាកាសទៀតផង ។

យោងតាមផែនទីដែលក្រសួងបានផ្តល់ឲ្យ យន្តហោះមួយចំនួនបានហោះហើរ នៅតំបន់មួយទៅភាគឦសាននៃកោះ Pratas ។

ទោះជាយ៉ាងណាក៏ដោយ យន្តហោះទម្លាក់គ្រាប់បែក អមដោយសង្គ្រាមអេឡិចត្រូនិក និងយន្តហោះប្រមូលផ្តុំស៊ើបការណ៍ បានហោះចូលទៅក្នុងច្រក Bashi ដែលបំបែកចេញពីកោះតៃវ៉ាន់ពីហ្វីលីពីន និងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលត្រឡប់ទៅប្រទេសចិន វិញតាមផ្លូវដែលពួកគេចូលមក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top