ព័ត៌មានជាតិ

សម្ដេចតេជោ ទូលថ្វាយព្រះមហាក្សត្រ-មហាក្សត្រី ថ្នាក់ដឹកនាំកំពូលកម្ពុជា និងជនរួមជាតិ ពីការផ្លាស់ប្តូរថ្ងៃកំណើត (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ មិថុនា បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ អំពីផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេចពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៥១ ទៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ។

តាមរយៈលិខិតនៅថ្ងៃទី២២ មិថុនា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយ អង្គសម្តេចម៉ែ និងព្រះមហាក្សត្រ សូមប្រោសព្រះរាជមេត្តា ទ្រង់ជ្រាបដ៏ខ្ពង់ខ្ពស់បំផុត អំពីការកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើត របស់ទូលព្រះបង្គំជាខ្ញុំ ពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំកំណើតពិតប្រាកដវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ តាមដីកាសម្រេចលេខ ៧៣៨ “ក” ដ.ម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ របស់ សាលាដំបូងរាជធានីភ្នំពេញ» ។

សម្ដេចតេជោរៀបរាប់ថា តបតាមសេចក្ដីអំពាវនាវរបស់ព្រះវររាជបិតាជាតិ សម្ដេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាអំឡុងឆ្នាំ១៩៧០ សម្តេចបានចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងក្រុមធ្វើរដ្ឋ ប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។ ក្នុងសម័យកាលសង្គ្រាមនោះ សម្តេចបានកំណត់យក ថ្ងៃដែលចូលតស៊ូ ធ្វើជាថ្ងៃកំណើតតែម្ដង គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ និងបានប្រើប្រាស់នាពេលកន្លងមក។

សម្ដេចបញ្ជាក់បន្ថែមថា ការកែតម្រូវនេះ មានភាពចាំបាច់ដើម្បីកំណត់យកថ្ងៃ-ខែ-ឆ្នាំកំណើតរបស់សម្តេចឲ្យ បានត្រឹមត្រូវតាមថ្ងៃ-ខែ-ឆ្នាំកំណើតពិត គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ ដើម្បីជៀសវាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅដែលបានផ្ញើសារលិខិតជូនពរថ្ងៃចម្រើនជន្មាយុរបស់សម្តេច ដល់ទៅពីរដងក្នុងមួយឆ្នាំ ។

ក្រៅពីទូលថ្វាយព្រះមហាក្ស ត្រនិងមហាក្សត្រី សម្តេចតេជោក៏បានផ្ញើសារលិខិតដល់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា , សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា , សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ , លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី , លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត និងលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងជនរួមជាតិផងដែរ ៕

To Top