ព័ត៌មានអន្តរជាតិ

ស្ថិរភាពនិងវិបុលភាព របស់ហុងកុង ជាការរំលេចពីឧត្តមភាព និងប្រសិទ្ធភាព នៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» និងច្បាប់សន្តិសុខជាតិ

២៥ ឆ្នាំបន្ទាប់ពីការត្រឡប់ ចូលមាតុប្រទេសចិនវិញ តំបន់ហុងកុងជាដែនដីសុវណ្ណ​ ដែលធ្លាប់ស្ថិតក្រោម អាណានិគមរបស់អង់គ្លេស អស់រយៈពេល ១៥៥ ឆ្នាំបានធ្វើជាម្ចាស់លើខ្លួនឯង ដោយបានប្រាប់ទៅកាន់ ពិភពលោកទាំងមូលថា ហុងកុង ដែលជាកូនបង្កើតរបស់ប្រទេសចិន មានវិបុលភាពនិងភាពរុងរឿងថ្កុំថ្កើងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារបានត្រឡប់ មកស្ថិតក្នុងដើមទ្រូង របស់អ្នកម្តាយវិញ ។

ដើម្បីផ្តល់នូវសិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍដោយម្ចាស់ការ បន្ទាប់ពីការត្រឡប់ចូលមាតុប្រទេសវិញ ប្រទេសចិនមិនបានដាក់កំហិត ឱ្យតំបន់ហុងកុង ប្រតិបត្តិតាមរបបនយោបាយជាតិ ដែលកំពុងអនុវត្តនោះទេ តែបានដាក់ចេញគោលនយោបាយជាតិថ្មី គឺ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»ដោយឈរលើបុរេលក្ខខណ្ឌចិនតែមួយ និងលើកទឹកចិត្តឱ្យ«ពលរដ្ឋហុងកុងគ្រប់គ្រងហុងកុង» ដោយហុងកុងអាចបន្តអនុវត្ត របបមូលធននិយម ពោលគឺបរិបទសង្គមហុងកុង នឹងរក្សាភាពដើមដដែល ។

២៥ ឆ្នាំមកនេះ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ហុងកុង ទទួលបានការវិវឌ្ឍរីកចម្រើនខ្លាំងឡើងៗ ។ GDP របស់ហុងកុងបានកើនឡើងពី ១,៣៧ ទ្រីលានដុល្លារហុងកុងកាលពីឆ្នាំ ១៩៩៧ ដល់ ២,៨៦ ទ្រីលានដុល្លារហុងកុងនៅឆ្នាំ ២០២១ ដែលសម្រេចកំណើនប្រចាំឆ្នាំជាមធ្យម ២,៧% ។ លើសពីនេះ ហុងកុងមានឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលធំទី ៣ ជាច្រើនឆ្នាំជាប់ៗគ្នា ដោយតម្លៃផ្សារមូលបត្រ គិតត្រឹមខែមេសាឆ្នាំ ២០២២ បាន កើនឡើង ៧ ដងបើធៀបនឹងឆ្នាំ ១៩៩៧ ឯការដាក់លក់មូលបត្របំណុល ក្នុងឆ្នាំ ២០២១ បានកើនឡើង ២០ ដងបើធៀបនឹងឆ្នាំ ១៩៩៧ ។

ក្រៅអំពីនេះ ក្នុងឆ្នាំ ២០២០ ហុងកុងបានក្លាយជាតំបន់ធំទី ៦ នៃការបញ្ចេញផលិត ទៅក្រៅនៅទូទាំងពិភពលោក បើគណនាតាមបរិមាណ លើកដាក់កុងតឺន័រវិញ ហុងកុងស្ថិតក្នុងលេខរៀងទី ៩ លើពិភពលោក ។ ឯការដឹកជញ្ជូនតាមផ្លូវអាកាសវិញ តាមតួលេខក្នុងឆ្នាំ ២០១៨ ព្រលានយន្តហោះអន្តរជាតិហុងកុង មានអ្នកដំណើរទៅមកជាង ៧៥ លាននាក់ ស្ថិតនៅជួរមុខលើពិភពលោក ការដឹកជញ្ជូនទំនិញគិតជាមធ្យម ក្នុងមួយឆ្នាំលើសពី ៥ លានតោន ស្ថិតក្នុងលេខរៀងទី ១ លើពិភពលោក ។

មើលតាមទិន្នន័យខាងលើបូករួម ទាំងការស្ទង់មតិដែលបង្ហាញថា ប្រជាពលរដ្ឋហុងកុង មានកម្រិតពេញចិត្ត ចំពោះគោលនយោបាយជាតិចិន រហូតដល់ទៅជិត ៨០% យើងមិនពិបាកយល់ទេថា បន្ទាប់ពីការត្រឡប់ចូល មាតុប្រទេសវិញ ក្រោមការគ្រប់គ្រង នៃគោលនយោបាយជាតិ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ប្រជាពលរដ្ឋហុងកុង មានសិទ្ធិសេរីភាពពេញលេញ បរិយាកាសពាណិជ្ជកម្មល្អប្រសើរ ទីផ្សារមានសក្តានុពលធំធេង អ្វីៗគ្រប់យ៉ាងបានវិវឌ្ឍ រីកចម្រើនយ៉ាងវិជ្ជមាន ដែលធ្វើឱ្យហុងកុងមានតួនាទីសំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃនៅលើឆាកអន្តរជាតិ ៕

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ និងឈឺចាប់ គឺកាលពីឆ្នាំ ២០១៩ ក្រុមអបគមន៍និយមមួយក្តាប់តូច នៅហុងកុង ដែលមានការគាំទ្រពីកម្លាំងប្រឆាំងចិន នៅខាងក្រៅ បានបង្កភាពចលាចលនៅហុងកុង ដែលធ្វើឱ្យទីក្រុងទាំងមូល ធ្លាក់ចូលក្នុងសភាពអសន្តិសុខ ។ យ៉ាងណាមិញ ចេតនាអាក្រក់ ដែលចង់បំបែកបំបាក់ហុងកុង ចេញពីប្រទេសចិន និងយកហុងកុង មកគាបសង្កត់ប្រទេសចិន បានទទួលបរាជ័យទាំងស្រុង ពីព្រោះថាប្រជាពលរដ្ឋហុងកុង ដែលស្នេហាជាតិ ស្នេហាហុងកុង ស្នេហាសន្តិភាពបានក្រោកឈរប្រឆាំង នឹងកម្លាំងអបគមន៍និយម អ្នកស្នេហាសន្តិភាព នៅទូទាំងពិភពលោក ក៏បាននាំគ្នាថ្កោលទោស ចំពោះអំពើហិង្សា របស់ពួកជ្រុលនិយម និងគាំទ្រឱ្យហុងកុងរៀបចំ សណ្តាប់ធ្នាប់សង្គមឡើងវិញ ។

ក្រោមការគាំទ្រពីរដ្ឋាភិបាលមជ្ឈិម ហុងកុងបានអនុវត្តច្បាប់ សន្តិសុខជាតិ ដែលធ្វើឱ្យហុងកុងវិលត្រឡប់ ទៅរកស្ថិរភាពវិញយ៉ាងឆាប់រហ័ស វិនិយោគិនបរទេស ក៏មានទំនុកចិត្តឡើងវិញ ចំពោះបរិយាកាសវិនិយោគ ដែលប្រកបដោយសក្តានុពល របស់ហុងកុង ។ អ្វីទាំងនេះបានសបញ្ជាក់ថា មានតែហុងកុងដែលគ្រប់គ្រង ដោយអ្នកស្នេហាជាតិ និងស្នេហាហុងកុង ដែលស្ថិតក្រោមការណែនាំ ពីគោលនយោបាយជាតិ ទើបជាហុងកុង ដែលមានស្ថិរភាព វិបុលភាពនិងវឌ្ឍនភាព និងជាហុងកុង ដែលទទូលបានការគាំទ្រ ពីប្រជាពលរដ្ឋហុងកុងទាំងអស់ ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើត តំបន់សេដ្ឋកិច្ចឈូងសមុទ្រ យក្សក្វាងទុង-ហុងកុង-ម៉ាកាវ ដែលបានចែករំលែក កាលានុវត្តភាពទីផ្សាររបស់ចិនដីគោក ជាមួយនិងហុងកុង-ម៉ាកាវ ដែលធ្វើឱ្យការអភិវឌ្ឍរបស់ហុងកុង និងម៉ាកាវរួមបញ្ចូលកាន់តែស៊ីជម្រៅ ជាមួយនិងការអភិវឌ្ឍ របស់ប្រទេសជាតិ ដើម្បីឆ្ពោះទៅរកវិបុលភាព រួមនាពេលអនាគត ។

មិនថាកង់ប្រវត្តិសាស្ត្រ រំកិលទៅមុខយ៉ាងណា ហុងកុងជាទឹកដីរបស់ចិន ជារឿងដែលមិនអាចប្រកែកបាន កិច្ចការរបស់ហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ការគ្រប់គ្រងហុងកុង តាមរបៀបណាវាជារឿងផ្ទៃក្នុង របស់ប្រទេសចិនសុទ្ធសាធ ដែលមិនចាំបាច់មានការលូកលាន់ ពីកម្លាំងខាងក្រៅនោះឡើយ ។

ក្រុងហុងកុង ដែលមានងារជា «គជ់បូព៌ា» នឹងបញ្ចេញពន្លឺរឹតតែភ្លឺចិញ្ចែងចិញ្ចាចថែមទៀត ក្រោមការគាំទ្រពីគោលនយោបាយជាតិ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» និងច្បាប់សន្តិសុខជាតិ ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងពិភពលោក ក៏ដូចជាលំនឹងហិរញ្ញវត្ថុអន្តរជាតិ ហើយអនាគតរបស់ហុងកុង គឺផ្សារភ្ជាប់យ៉ាងស្អិតល្មួត ជាមួយការស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕ អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top