កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកPeter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី តាមការណាត់ ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិន មិនមែនសាមីភាគី ក្នុងវិបត្តិអ៊ុយក្រែននោះទេ ប៉ុន្តែប្រទេសចិន តែងតែធ្វើកិច្ចសម្រុះសម្រួល និងជំរុញឱ្យមានកិច្ចសន្ទនា ដោយឥរិយាបថ ម៉ឺងម៉ាត់មិនងាករេជានិច្ច ។
ប្រទេសចិន នឹង បន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយ មេត្រីភាព ជាមួយហុងគ្រី ប្រកាន់អាកប្បកិរិយា វិជ្ជមាននិងបើកចំហ ចំពោះកិច្ច សហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ហើយគាំទ្រ ដល់សហគ្រាសចិន ឱ្យទៅធ្វើវិនិយោគទុន នៅប្រទេសហុងគ្រី ដោយសង្ឃឹមថា ភាគីហុងគ្រី អាចផ្តល់ការរំពឹងទុកផ្នែកគោល នយោបាយ ដែលប្រកបដោយភាពនឹងនរនិង បរិយាកាសប្រកប អាជីវកម្មដ៏ល្អប្រសើរ ជឿជាក់ថាភាគីហុងគ្រី នឹង បន្តប្រកាន់គោលជំហរ ដែលមានសត្យានុម័តនិងយុត្តិធម៌ និងជំរុញឱ្យសហភាពអឺរ៉ុប អនុវត្តគោលនយោបាយ វិជ្ជមាននិងប្រាកដប្រជា ចំពោះប្រទេសចិន ។
ជាការឆ្លើយតប លោក Peter Szijjarto បានថ្លែងថា តាំងពីដើមមក ប្រទេសចិន មិនជាគូប្រជែង របស់អឺរ៉ុបនោះទេ តែជាដៃគូដែលនាំមកនូវ ឱកាសសហប្រតិបត្តិការ ។ ភាគីហុងគ្រីនឹងបន្តខិតខំជំរុញ កិច្ចសហប្រតិបត្តិការ រវាងអឺរ៉ុបនិងចិន ដែលគោរពគ្នា ទៅវិញទៅមក ប្រកបដោយសមភាព និងផ្តល់ផលប្រយោជន៍ដល់គ្នា ៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន