ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប បានបង្ហាញសំណើ សម្រាប់រដ្ឋជាសមាជិក ដើម្បីកាត់បន្ថយការ ប្រើប្រាស់ឧស្ម័ន របស់ពួកគេចំនួន ១៥ភាគរយ ចាប់ពីថ្ងៃទី០១ ខែសីហា ដល់ចុងខែមីនា ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ផែនការដែលមានឈ្មោះថា “Save Gas for a Safe Winter” អំពាវនាវឱ្យរដ្ឋាភិបាលធ្វើយុទ្ធនាការ សម្រាប់គ្រួសារនានា ដើម្បីបន្ថយកម្តៅ កម្រិតកំដៅ ឬភាពត្រជាក់ នៅក្នុងអគារសាធារណៈ និងផ្តល់ការលើកទឹកចិត្តដល់ឧស្សាហកម្ម ដើម្បីប្រើប្រាស់ឥន្ធនៈ ជំនួសតាមដែលអាចធ្វើទៅបាន ឬកាត់បន្ថយការ ប្រើប្រាស់ឧស្ម័ន ។
គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងពន្លឿនការងារលើការធ្វើពិពិធកម្មការ ផ្គត់ផ្គង់ រួមទាំងការទិញឧស្ម័នរួមគ្នា ដើម្បីពង្រឹងលទ្ធភាពរបស់អឺរ៉ុប ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់ឧស្ម័នជំនួស ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹង កាលពីថ្ងៃពុធថា “លំហូរនៃឧស្ម័នរុស្ស៊ីឥឡូវនេះ គឺតិចជាងមួយភាគបី នៃអ្វីដែលវាធ្លាប់មាន ជាឧទាហរណ៍នៅពេលដូចគ្នា កាលពីឆ្នាំមុន” ។
លោកស្រីបានបន្ថែមថា “នេះជាមូលហេតុដែលវាមានសារៈសំខាន់ដែលរដ្ឋជាសមាជិកទាំងអស់ឥឡូវនេះ ចូលរួមចំណែកក្នុងការសន្សំ ការស្តុកទុក និងត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកឧស្ម័នជាមួយប្រទេសជិតខាង ផ្សេងទៀត ក្នុងករណីសាមគ្គីភាព ថាមពល”។
លោកស្រីបន្ថែមថា “ដោយការ ជំនួសឧស្ម័ន ជាមួយឥន្ធនៈផ្សេងទៀត និងការសន្សំ ថាមពលក្នុងរដូវក្តៅនេះ ឧស្ម័នកាន់តែច្រើន អាចត្រូវបានរក្សាទុក សម្រាប់រដូវរងារ ។ ការធ្វើសកម្មភាពឥឡូវនេះ នឹងកាត់បន្ថយ ផលប៉ះពាល់ផលិតផលក្នុងស្រុកសរុបអវិជ្ជមាន ដោយជៀសវាងសកម្មភាព ដែលមិនបានគ្រោងទុក ក្នុងស្ថានភាពវិបត្តិនៅពេលក្រោយ”៕
ប្រែសម្រួល ឈូក បូរ៉ា