ភ្នំពេញ៖ក្រុមឈ្មួញរកស៊ីជួញដូរសំណាកសត្វព្រៃកម្រនិងជិតផុតពូជ ចំនួន៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ ប្រកាសសាលក្រម ផ្តន្ទាទោស ដោយចំពោះមុខ និង កំបាំងមុខ សម្រេចដាក់គុក ក្នុងម្នាក់ រយៈពេល២ ឆ្នាំ និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ពី ៤០ ទៅ១០០ លានរៀល និង ចេញដីកាបង្គាប់ ឱ្យស្វែងរក ចាប់ឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការ ធ្វើពាណិជ្ជកម្មសន្និធិ កែច្នៃសំណាកសត្វព្រៃក្រុមកម្រ និងជិតផុតពូជ ដោយគ្មានការអនុញ្ញាត និង លាងសម្អាតប្រាក់ប្រព្រឹត្តពីឆ្នាំ ២០១៩ រហូតខែមេសា ឆ្នាំ២០២២។
តុលាការ ក៏បានសម្រេចរឹបអូសយកទ្រព្យសម្បត្តិ របស់ពួកគេ ដែលបានមកអំពីអំពីបទល្មើស ខាងលើនេះ រួមមាន: ផ្ទះបូរី, ផ្ទះល្វែង និង លុយមួយចំនួន ដែលមាននៅក្នុងគណនីធនាគារ របស់ពួកគេ ទុកជា សម្បត្តិរបស់រដ្ឋ ផងដែរ។ តែទុកសិទ្ធិឱ្យពួកគេប្តឹងទំទាស់ ទៅកាន់តុលាការ ឧទ្ធរណ៍ តាមផ្លូវច្បាប់។
លោក អ៉ឹម វណ្ណៈ ជាប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទទាំង៣ នាក់ មានឈ្មោះ ទី១-ឈ្មោះ ឡា សេងងួន ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ លក់ខែជ្រូកព្រៃ ខ្នាយតាន់ ចង្គោម ឬ ស្បែកសត្វខ្លា ។ល។ មានទីលំនៅផ្ទះ លេខ ៣៨ ផ្លូវ លេខ ១១B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ (គាត់ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងពន្ធនាគារ)។ ទី២-ឈ្មោះ ច័ន្ទ សមពេជ្រ ហៅ សុខ ធារ៉ា ភេទ ប្រុស
(ជាមនុស្សតែ១ តែប្រើឈ្មោះ២ផ្សេងគ្នា) និង ទី-ឈ្មោះ សី ហួរ ភេទប្រុស។
អ្នកទាំង២នាក់នេះ កំពុងតែរត់គេចខ្លួន តែមានដីកាបង្គាប់ឱ្យតាមស្វែងរកចាប់ខ្លួន អំពីតុលាការ។
លោកចៅក្រមបញ្ជាក់ថា: ជនជាប់ចោទទាំង៣នាក់ ត្រូវបានជាប់ចោទពីបទ: ជួញដូរ និង ធ្វើ ពាណិជ្ជកម្មសន្និធិ កែច្នៃសំណាកសត្វព្រៃក្រុមកម្រ និងជិតផុតពូជ ដោយគ្មានការអនុញ្ញាត ។ និង បទ: លាងសម្អាតប្រាក់។
ក្នុងចំណោមពួកគេ ជនជាប់ចោទ ឈ្មោះ ឡា សេងងួន ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួន កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ ៣៨ ផ្លូវ លេខ ១១B ភូមិ កណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចដកហូតបាន ៖ សំណាកសត្វព្រៃកម្រនិងជិតផុតពូជ សរុបចំនួន១៩មុខ មានដូចជា ភ្លុកដំរី ចែកាច់ ចង្គោម ឬ ស្បែកសត្វខ្លាធំ ស្នែងប្រើស និង កាំប្រម៉ា ជាដើម មានទម្ងន់សរុបប្រមាណ៥០គីឡូក្រាម។
ចំណែកឯ ជនជាប់ចោទ២នាក់ទៀត បានរត់គេចខ្លួន តែទ្រព្យសម្បត្តិរបស់ពួកគេ ត្រូវបានរឹបអូស និង បង្កក់ ដោយតុលាការ។
គួររំលឹកថា: នាពេលសវនាការកាលពីថ្ងៃទី ១៨ ខែ កក្កដា, ឈ្មោះ ឡា សេងងួន បានឆ្លើយសារ ដោយឥតលាក់បាំងទាំងអស់ និង និយាយថា: សំណាកសត្វព្រៃកម្រ និងជិតផុតពូជ ដែលសមត្ថកិច្ចបានរឹបអូសពីរូបគាត់នោះ គឺ គាត់បានទិញមក ពីឈ្មោះ ច័ន្ទ សមពេជ្រ ហៅ សុខ ធារ៉ា ឬ Sok Theara និង ឈ្មោះ សី ហួរ ដែលរត់គេចខ្លួន។
ឡា សេងងួន បានបញ្ជាក់ថា សំណាកសត្វព្រៃកម្រ និងជិតផុតពូជ ទាំងនោះ គឺ ជារបស់សុទ្ធ ១០០% និង ត្រូវបាននាំចូលពីប្រទេសចិន និង វៀតណាម៕
ដោយ: លីហ្សា