ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សា តាមទូរស័ព្ទជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិក

យប់ថ្ងៃទី២៨ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា តាមទូរស័ព្ទជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើការពិព្រោះពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ ដោយស្មោះអំពីទំនាក់ទំនង រវាងចិននិងអាមេរិក និងបញ្ហាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានការណ៍សេដ្ឋកិច្ចពិភពលោក ពោរពេញទៅដោយការប្រឈម ។ ចិននិងអាមេរិកគួរតែរក្សា ការប្រាស្រ័យទាក់ទងលើបញ្ហាសំខាន់ៗ ដូចជាការសម្របសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ការរក្សាស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ការធានាសុវត្ថិភាពថាមពល និងស្បៀងអាហារជាសកលជាដើម ។ ការធ្វើផ្ទុយពីក្រឹត្យក្រមដោយផ្តាច់ ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន គឺគ្មានអំណោយផលដល់ការស្តារ សេដ្ឋកិច្ចអាមេរិកឡើងវិញនោះឡើយ ផ្ទុយទៅវិញវានឹងធ្វើឱ្យសេដ្ឋកិច្ច សកលមានភាពកាន់តែអន់ថយថែមទៀត ។

ក្រៅពីនេះ លោក Xi Jinping បានអធិប្បាយជាសំខាន់ពីគោលជំហរ ជាគោលការណ៍របស់ចិនក្នុងបញ្ហាតៃវ៉ាន់ ។ លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងបញ្ហាតៃវ៉ាន់ រដ្ឋាភិបាលនិងប្រជាជនចិនមាន គោលជំហរតែមួយជាប់រហូតមក ពោលគឺ គាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដី នេះជាឆន្ទៈយ៉ាងរឹងមាំរបស់ប្រជាជនចិនចំនួនជាង ១ពាន់៤រយលាននាក់ ។ អាមេរិកត្រូវគោរពគោលការណ៍ប្រទេសចិនមួយ និងអនុវត្តតាមសេចកី្តប្រកាសរួមទាំង៣ ច្បាប់រវាងចិននិងអាមេរិក ។

ជាការឆ្លើយតប លោក បៃដិន បានថ្លែងថា អាមេរិករំពឹងអាចរក្សាកិច្ចសន្ទនា ជាមួយចិនដោយរលូន បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ជៀសវាងកុំឱ្យមានការវិនិច្ឆ័យខុសឆ្គង ក្នុងន័យស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមពេលជាមួយគ្នានេះ ក៏គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ។ លោកបានរំលឹកឡើងវិញថា គោលនយោបាយប្រទេសចិនមួយ របស់អាមេរិកមិនបានកែប្រែទេ អាមេរិកមិនគាំទ្រឱ្យតៃវ៉ាន់ “ឯករាជ្យ”នោះឡើយ ៕

To Top