ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Nikos Dendias រដ្ឋមន្រ្តីការបរទេសនៃ សាធារណរដ្ឋក្រិក បានឯកភាពបង្កើតការផ្សារភ្ជាប់ ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកលទ្ធភាព សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ ។
ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២ សីហា ប្រមុខការទូតកម្ពុជា-ក្រិក បានពិភាក្សាអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។
នាឱកាសនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Nikos Dendias បានរំលឹកឡើងវិញដោយក្តីពេញចិត្ត ចំពោះការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី តាមរយៈការចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នា នៅពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ ប្រកបដោយផ្លែផ្ការវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងអាថែន។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពបន្តកិច្ចពិគ្រោះយោបល់ ទ្វេភាគីឲ្យទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរប្រទេសក្រិក ចំពោះការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រិក ដើម្បីពង្រឹងទំនាក់ទំនង កាន់តែជិតស្និទ្ធរវាងអាស៊ាន-ក្រិក និងអាស៊ាន-សហភាពអឺរ៉ុប។
ប្រមុខការទូតទាំងពីរ ក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ដែលក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងចំពោះសមភាគីរបស់លោក អំពីការពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះសំណើរបស់ក្រិក សុំឲ្យកម្ពុជាគាំទ្របេក្ខភាព របស់ក្រិកនៅក្នុងអង្គការអន្តរជាតិ មួយចំនួន ៕