ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តម្លៃសន្តិភាព គឺជាកត្តាចាំបាច់បំផុត ក្នុងការការពារជីវិតរបស់ប្រជាពលរដ្ឋ ដែលកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យថ្នាក់ដឹកនាំ ប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួនមានទំនុកចិត្ត សម្រេចមកកម្ពុជា ជាពិសេសក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះតែម្តង។
ថ្លែងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា “សន្តិភាពពិត ជាមានការចាំបាច់បំផុត ក្នុងការអភិវឌ្ឍប្រទេស និងការពារជីវិតរបស់ប្រជាពលរដ្ឋ ហើយប្រសិនបើកម្ពុជាពុំមានសុខសន្តិភាពនេះ កម្ពុជាក៏មិនអាចរៀបចំកិច្ចប្រជុំអាស៊ាន និងអាស៊ានបូក ជាមួយប្រទេសមហាអំណាច និងប្រទេសអ្នកមាននៅលើពិភពលោកនេះបានដែរ»។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលឹកពីដើមចម នៃការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន ដោយឈរលើកត្តា៤យ៉ាង។
បន្ថែមលើសពីនេះ សម្ដេចតេជោ ក៏បានឲ្យដឹងទៀតថា កត្តានៃការគ្រប់គ្រងប្រកបដោយភាពជោគជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈវិធានការសុខាភិបាល ៣កុំ ៣ការពារ និងយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង របស់រាជរដ្ឋាភិបាល ក៏ជាកត្តាមួយដែលនាំឲ្យកម្ពុជា អាចរៀបចំកិច្ចប្រជុំផ្ទាល់ រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញនាពេលនេះផងដែរ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានសូមអធ្យាស្រ័យ ចំពោះអ្នករស់នៅរាជធានីភ្នំពេញផងដែរ ដែលប៉ុន្មានថ្ងៃនេះរាជធានីត្រូវបានបិតផ្លូវមួយចំនួន ដោយសារតែបានរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន។
សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលមានប្រមុខការទូតមកពីបណ្ដាលប្រទេសមហាអំណាចមួយចំនួន ដូចជា ចិន អាមេរិក ជប៉ុន អូស្ដ្រាលី ឥណ្ឌា កូរ៉េខាងត្បូង ចូលរួមផងដែរ។