បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយនៅលើបណ្តាញ Telegram របស់លោកនៅថ្ងៃសៅរ៍ថា អ៊ុយក្រែន បានរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ប្រមាណ ៧៦៥ លានដុល្លារ ដែលមាននៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្ ឆំ២០២២ បានឱ្យដឹងដោយ ផ្អែកតាមការលើកឡើងរបស់លោក ហ្សេលេនស្គីថា “បានបើកកិច្ចប្រជុំនៅថ្ងៃនេះ ស្តីពីគោលនយោបាយដាក់ទណ្ឌកម្ម ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។ ដូចដែលមន្ត្រីរដ្ឋាភិបាលបានរាយការណ៍ ទ្រព្យសម្បត្តិដែលមានតម្លៃ ២៨ពាន់លាន hryvnias {ប្រហែល ៧៦៥លានដុល្លារ} ត្រូវបានរឹបអូសដោយបង្ខំរួចហើយ។ ការងាររឹបអូសនេះបន្ត។ ទ្រព្យសម្បតិ្តជាង ៩០០បន្ថែមទៀតដែលជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ីត្រូវបានស្នើឱ្យរឹបអូស ហើយប្រសិនបើយើងវាយតម្លៃកញ្ចប់អចលនទ្រព្យមិនត្រឹមតែរបស់រដ្ឋ [រុស្ស៊ី] ប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នករស់នៅផងដែរនោះ យើងកំពុងនិយាយអំពីវត្ថុចំនួន ៣៦ ពាន់ដែលត្រូវរឹបអូស»។
យោងតាមលោក ហ្សេលេនស្គី គឺបានឱ្យដឹងទៀតថា ទ្រព្យសម្បត្តិដែលរឹបអូសបាននឹងត្រូវប្រើប្រាស់ដើម្បីទូទាត់សងការខូចខាតដែលបណ្តាលមកពីជម្លោះយោធានាពេលបច្ចុប្បន្ននៅក្នុងប្រទេស។
កាលពីថ្ងៃទី៥ ខែសីហា ទីក្រុងគៀវ បានអនុម័តក្រឹត្យមួយដែលអាចឱ្យទ្រព្យសម្បត្តិរបស់រុស្ស៊ីចំនួន ៩០៣នៅក្នុងប្រទេសត្រូវបានផ្ទេរទៅឱ្យរដ្ឋ និងប្រជាជនអ៊ុយក្រែន។ យោងតាមនាយករដ្ឋមន្ត្រី Denis Shmygal គឺថា ទ្រព្យសម្បត្តិដែលអាជ្ញាធរអ៊ុយក្រែនមានបំណងរឹបអូសនោះ ចែកចេញជាបីប្រភេទ គឺទី១ ទ្រព្យសម្បត្តិរបស់រដ្ឋរុស្ស៊ី ទី២ ទណ្ឌកម្មលើពលរដ្ឋ និងក្រុមហ៊ុន ពីរុស្ស៊ី និងទី៣ ធនាគាររុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា