ព័ត៌មានអន្តរជាតិ

WHO ប្រកាសឈ្មោះថ្មី នៃវីរុសបំប្លែងខ្លួនថ្មី បង្កជាជំងឺអុតស្វា

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់(WHO) បានប្រកាសឈ្មោះថ្មី សម្រាប់បំប្លែងខ្លួនថ្មីរបស់មេរោគបង្កជាជំងឺអុតស្វា ដែលបច្ចុប្បន្នកំពុងចរាចរ ។ អង្គការសុខភាពពិភពលោក បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា នេះគឺដើម្បីជៀសវាងការប្រមាថ ដល់វប្បធម៌ ឬសង្គម ។

ក្រុមអ្នកជំនាញពិភពលោកមួយ ក្រុមដែលប្រជុំដោយអង្គការ WHO បានសម្រេចចិត្តលើឈ្មោះថ្មីនេះ ។

ឥឡូវនេះអ្នកជំនាញ នឹងសំដៅទៅលើអតីត Congo Basin (ក្រុមបំប្លែងខ្លួនថ្មី) នៅអាហ្រ្វិកកណ្តាលជា Clade I និងអតីតអាហ្រ្វិកខាងលិចជា Clade II ។ ក្រោយមកទៀត មានក្រុមរងចំនួន២គឺ Clade IIa និង Clade IIb ដែលក្នុងនោះ Clade IIb គឺជាក្រុមចម្បង នៃមេរោគបំប្លែងខ្លួនថ្មី ដែលបានធ្វើចរាចរក្នុងអំឡុង ពេលផ្ទុះឡើងនៃឆ្នាំ២០២២នេះ ។

អង្គការ WHO បានឲ្យដឹងថា ឈ្មោះថ្មីសម្រាប់ Clades គួរតែត្រូវបានប្រើភ្លាមៗ ។

អង្គការសុខភាពពិភពលោក បានឲ្យដឹងទៀតថា មេរោគដែលបានកំណត់អត្តសញ្ញាណថ្មី ជំងឺដែលទាក់ទង និងវីរុសបំប្លែងខ្លួន គួរតែត្រូវបានផ្តល់ឈ្មោះ ដែលជៀសវាងការបង្កការ ប្រមាថដល់វប្បធម៌ សង្គមជាតិ ក្នុងតំបន់ វិជ្ជាជីវៈ ឬក្រុមជនជាតិ ហើយដែលកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្ម ការធ្វើដំណើរ ទេសចរណ៍ ឬសុខុមាលភាពសត្វ ។

មេរោគជំងឺអុតស្វា ត្រូវបានដាក់ឈ្មោះនៅគ្រា ដែលវាត្រូវបានគេរកឃើញដំបូង ក្នុងឆ្នាំ១៩៥៨ ។ វីរុសបំប្លែងខ្លួនថ្មីសំខាន់ៗ ត្រូវបានកំណត់អត្តសញ្ញាណ ដោយតំបន់ភូមិសាស្ត្រ ដែលពួកគេត្រូវបានគេដឹងថា ធ្វើចរាចរ ។

អង្គការសុខភាពពិភពលោក បានប្រកាសជាផ្លូវការកាលពីចុងខែមុនថា ការផ្ទុះឡើងនៃជំងឺអុតស្វា ពហុប្រទេសនាពេលបច្ចុប្បន្នបានប្រែក្លាយ ទៅជាភាពអាសន្នសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ ។

យោងតាមរបាយការណ៍ ស្ថានភាពរបស់អង្គការសុខភាព ពិភពលោកស្តីពីការផ្ទុះឡើង នៃជំងឺអុតស្វា ដែលបានចេញ ផ្សាយកាលពីថ្ងៃពុធ ឥឡូវនេះមានករណី ដែលបានបញ្ជាក់ដោយមន្ទីរ ពិសោធន៍ចំនួន២៧.៨១៤ករណី ហើយមានអ្នកស្លាប់ ចំនួន ១១នាក់ដោយសារជំងឺនេះនៅក្នុងប្រទេស និងតំបន់ចំនួន៨៩ជុំវិញពិភពលោក ដោយនៅទ្វីបអឺរ៉ុប និងអាមេរិកកំពុងរងគ្រោះខ្លាំងបំផុត ៕

To Top