ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង សន្យាពង្រឹងទំនាក់ទំនងជាមួយជប៉ុន ផ្តល់ជំនួយសេដ្ឋកិច្ចជាថ្នូរ នឹងការរំសាយអាវុធ នុយក្លេអ៊ែរ កូរ៉េខាងជើង

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានសន្យាថា នឹងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័ស នូវទំនាក់ទំនងជាមួយ ប្រទេសជប៉ុន ដោយផ្អែកលើសេចក្តីថ្លែងការណ៍ រួមឆ្នាំ១៩៩៨ រវាងប្រទេសទាំងពីរ ខណៈដែលផ្តល់ ជូននូវការកសាង សេដ្ឋកិច្ចរបស់ប្រទេស កូរ៉េខាងជើងឡើងវិញ ប្រសិនបើទីក្រុងព្យុងយ៉ាងចាត់វិធានការ ឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែរដ៏ច្រើន ។

លោក Yoon បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ថ្ងៃរំដោះដែលប្រារព្ធខួប ៧៧ឆ្នាំចាប់តាំងពីការឯករាជ្យ របស់ប្រទេសកូរ៉េ ពីការគ្រប់គ្រងអាណានិគម របស់ប្រទេសជប៉ុនឆ្នាំ១៩១០-៤៥។

លោក Yoon បានឲ្យដឹងនៅក្នុងពិធីមួយនៅលើវាលស្មៅ នៃការិយាល័យប្រធានាធិបតីថា “កាលពីមុន យើងត្រូវដកខ្លួនចេញ ពីការគ្រប់គ្រងនយោបាយ ដែលដាក់មកលើយើង ដោយអធិរាជជប៉ុន ដើម្បីយើងអាចទទួលបានមកវិញ និងការពារសេរីភាពរបស់យើង ថ្ងៃនេះ ប្រទេសជប៉ុន គឺជាដៃគូរបស់យើង នៅពេលដែលយើងប្រឈមមុខនឹងការគំរាមកំហែងទូទៅ ដែលប្រឈមនឹងសេរីភាព របស់ពលរដ្ឋពិភពលោក” ។

លោក Yoon បានចូលកាន់តំណែង កាលពីខែឧសភា តាមការសន្យាមួយ ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលបែកបាក់យ៉ាងខ្លាំងនៅក្រោម ការគ្រប់គ្រងសេរីមុន របស់អតីតប្រធានាធិបតីលោក មូន ជេអ៊ីន ។

សុន្ទរកថារបស់គាត់ ត្រូវបានឃ្លាំមើល យ៉ាងដិតដល់ចំពោះការណែនាំអំពីរបៀប ដែលគាត់មានគម្រោង ដោះស្រាយជម្លោះ ប្រវត្តិសាស្ត្រជាច្រើន ដែលថ្លឹងថ្លែង លើប្រទេសទាំងពីរ ខណៈដែលតុលាការ កំពូលកូរ៉េខាងត្បូង គ្រោងនឹងប្រកាសសាលក្រមថា តើត្រូវរំលាយទ្រព្យសម្បត្តិរបស់ធុរកិច្ចជប៉ុន នៅក្នុងប្រទេស ដើម្បីទូទាត់សងជនរងគ្រោះ ដែលត្រូវបានបង្ខំឱ្យធ្វើការកាលពីសម័យសង្គ្រាមជប៉ុន ។

លោក Yoon បានលើកឡើងថា ប្រទេសទាំងពីរត្រូវតែរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងសហគមន៍អន្តរជាតិ ដោយធ្វើការរួមគ្នាលើវិស័យសេដ្ឋកិច្ច សន្តិសុខ សង្គម និងវប្បធម៌ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។

លោកបានបន្ដថា “នៅពេលដែលទំនាក់ទំនងកូរ៉េ-ជប៉ុនឆ្ពោះទៅរកអនាគតរួម ហើយនៅពេលដែលបេសកកម្ម នៃពេលវេលារបស់យើងស្របគ្នា ដោយផ្អែកលើតម្លៃសកលរួមរបស់យើង វាក៏នឹងជួយយើងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រ ដែលមានរវាងប្រទេស ទាំងពីរផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top