កាធូម៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាជាតិការពារជនស៊ីវិល របស់ប្រទេសបានឲ្យដឹង នៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារព្យុះភ្លៀង ធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ និងគ្រោះទឹកជំនន់ នៅក្នុងប្រទេសស៊ូដង់ បានកើនឡើងដល់៧៥នាក់ហើយ ។
ក្រុមប្រឹក្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លើសពីនេះ មនុស្ស៣០នាក់បានរងរបួស ខណៈដែលផ្ទះចំនួន ១២.៥៥១ខ្នង ត្រូវបានបំផ្លាញ និង២០.៧៥១ខ្នងផ្សេងទៀត បានរងការខូចខាត ក្នុងអំឡុងពេលភ្លៀងធ្លាក់ ។
ការិយាល័យសម្របសម្រួល កិច្ចការមនុស្សធម៌របស់អង្គការ សហប្រជាជាតិបានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យថាមនុស្សប្រហែល៣៨.០០០នាក់ នៅទូទាំងប្រទេសស៊ូដង់ បានរងផលប៉ះពាល់ដោយភ្លៀង និងគ្រោះទឹកជំនន់ ចាប់តាំងពីការចាប់ផ្តើមនៃរដូវវស្សា ។
គួរបញ្ជាក់ថា ប្រទេសស៊ូដង់ ជាញឹកញាប់ត្រូវបានគេមើលឃើញ មានកើតគ្រោះទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែមិថុនាដល់ខែតុលា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា