តេអេរ៉ង់ ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពជើងទឹកអ៊ីរ៉ង់ បានរឹបអូស “នាវាឃ្លាំមើល” ពីរគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលកំពុងបំពេញ បេសកកម្មប្រឆាំង ភេរវកម្មនៅសមុទ្រក្រហម នាវាពិឃាត Jamaran របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានជួបនឹងនាវាឃ្លាំមើលគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅលើផ្លូវដឹកជញ្ជូនអន្តរជាតិ។
នាវាពិឃាដ Jamaran បាន រឹបអូសនាវា ស៊ើបការណ៍ ពីរគ្រឿង បន្ទាប់ពីបានព្រមានភាគី អាមេរិកពីរដង ដើម្បីការពារគ្រោះថ្នាក់ ដែល អាច កើត ឡើង នោះ ហើយក្រោយមកនាវា ពិឃាត Jamaran របស់អ៊ីរ៉ង់ក៏បាន រឹបអូសយកនាវា ស៊ើបការណ៍ទាំងពីរគ្រឿង ខាងលើនេះ។
ប្រភពបានបន្ថែមថា “បន្ទាប់ពីការធានាផ្លូវ ដឹកជញ្ជូនអន្តរជាតិ ក្រុមកងនាវាចរទី៨៤ នៃកងទ័ព (អ៊ីរ៉ង់) បានដោះលែងនាវាទាំងពីរនេះនៅក្នុងតំបន់សុវត្ថិភាព ហើយបានព្រមានកងនាវា អាមេរិកកុំឱ្យមានករណី ស្រដៀងគ្នានេះកើតឡើងបន្ដទៀត”។
គួរបញ្ជាក់ថា ក្រុមទ័ពជើងទឹកទី៨៤ នៃកងទ័ពអ៊ីរ៉ង់ បានឈរជើងនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden អស់រយៈពេលពីរខែកន្លងមកហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា កាលពីថ្ងៃអង្គារ កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានរឹបអូសនូវនាវាគ្មាន មនុស្សបើករបស់សហរដ្ឋអាមេរិក ដែលវង្វេង នៅក្នុងឈូងសមុទ្រ ដើម្បីការពារខ្សែដឹកជញ្ជូន និងការពារគ្រោះថ្នាក់៕
ប្រែសម្រួល ឈូក បូរ៉ា