ព័ត៌មានជាតិ

ពលរដ្ឋប្រមូលផ្តុំ នៅចម្ការលោក ខឹម វាសនា ត្រូវបានប្រកាស រំសាយអស់ហើយ (Video)

ភ្នំពេញ៖ គិតមកត្រឹមល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ លោក ខឹម វាសនា ប្រមុខដឹកនាំគណបក្សសម្ព័ន្ធ ប្រជាធិបតេយ្យដែលគ្រប់គ្នា ហៅភាសាកាត់ថា “LDP” នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបត្រូវបាន ប្រកាសរំសាយអស់ហើយ ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ ដកស្រង់ប្រសាសន៍ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ។

លោកបន្តថា អាជ្ញាធរ ក៏កំពុងរៀបចំសម្របសម្រួល ឲ្យពលរដ្ឋចេញទាំងអស់ ទុកតែអ្នកដែលរស់នៅលើ ដីចម្ការនោះប៉ុណ្ណោះ ដោយនីតិវិធីត្រូវបំពេញច្រើន អាជ្ញាធរនឹងបន្តការងារនេះទៀត។

លោកអភិបាលខេត្តបញ្ជាក់ថា ចំពោះអ្នកត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដី បញ្ជាក់ចំនួនច្បាស់លាស់ ដើម្បីស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ហើយបន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកនៅសល់ត្រូវតែចាកចេញទាំងអស់។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានពលរដ្ឋ ទាំងក្នុងប្រទេស និងក្រៅប្រទេស រួមទាំងសមាជិកបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានលង់ជឿតាមការបកស្រាយ បែបអបិយជំនឿរបស់លោក ខឹម វាសនា ដែលថានឹងមានគ្រោះរញ្ជួយដី បណ្តាលឲ្យទឹកជំនន់លិចពិភពលោក លើកលែងតែចម្ការរបស់លោក នៅម្តុំភ្នំគូលែនតែប៉ុណ្ណោះ ៕

To Top