ព័ត៌មានអន្តរជាតិ

កម្ពុជា នឹងជំរុញលើការ អភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងបន្តជំរុញការយកចិត្តទុក ដាក់លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញ ឲ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួលបាន របស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា។

នាឱកាសអញ្ជើញថ្លែងក្នុង ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី ថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» នាថ្ងៃ១៥ កញ្ញា សម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាបាននិងកំពុង ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភព ថាមពលកកើតឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន។

សម្ដេចតេជោបន្ដថា ឆ្នាំ២០២១ ថាមពលបានមកពីប្រភព ថាមពលកកើតឡើងវិញ រួមមាន៖ វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពន ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥% នៃអានុភាពតម្លើងសរុប។

សម្ដេចតេជោបញ្ជាក់ថា «សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការ យកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញឲ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួលបានរបស់ ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការ អភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម»។

សម្ដេចតេជោបន្ថែមថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការ ជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិ ស្តីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។

សម្ដេចតេជោថា ក្រោមកិច្ចសហការយ៉ាង សកម្មបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំកម្មវិធី អភិវឌ្ឍន៍អន្តរកាលថាមពលរបស់ខ្លួន ដោយផ្តោតលើកម្មវិធីនៃ ការកែទម្រង់សំខាន់ៗចំនួន ៣ រួមមាន៖ ទី១-ការរៀបចំផែនការថាមពល និងការពង្រឹងស្ថាប័ន ,ទី២-ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំ និងការបញ្ចេញឧស្ម័នកាបូនទាប និងទី៣-តម្លាភាព និងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគ ក្នុងគម្រោងថាមពលថ្មី ៕

To Top