ព័ត៌មានអន្តរជាតិ

Update៖ ព្យុះទីហ្វុង Noru ដែលវាយប្រហារមកលើវៀតណាម បានបន្ថយឥទ្ធិពលវិវត្តន៍ ទៅជាព្យុះត្រូពិចវិញ

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា រដ្ឋាភិបាលវៀតណាម បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះទីហ្វុង Noru បានបន្ថយកម្រិតព្យុះទីហ្វុង Noru ទៅជាព្យុះត្រូពិច ប៉ុន្តែបានព្រមានអ្នកស្រុកឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។

ទីភ្នាក់ងារអាកាសធាតុបានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ព្យុះនេះបានបោកបក់នៅពីដំបូងជាមួយ នឹងកម្លាំងខ្យល់១១៧ គីឡូម៉ែត្រក្នុង១ម៉ោងនៅក្នុងខេត្ត Quang Nam ដែលជាទីក្រុងប្រវត្តិសាស្ត្រ Hoi An និងរមណីយដ្ឋាន Danang ។

លោកស្រី Le Thi Buoi អាយុ៧០ឆ្នាំបាននិយាយតាមទូរស័ព្ទ ពីជម្រកមួយនៅក្នុងសហគមន៍ឆ្នេរសមុទ្រ Tam Ky ថា “ខ្ញុំមិនដឹងថា ដំបូលរបស់ខ្ញុំត្រូវបានរុះរើចេញនៅឡើយទេ” ។

លោកស្រីបានលើកឡើងថា “អ្នកអាចឮវាគ្រហឹមសូម្បីតែនៅក្នុងជម្រកនេះក៏ដោយ” ។

មនុស្សជាង៣០០.០០០នាក់នៅក្នុងប្រទេសវៀតណាម បានដេកពួននៅក្នុងជម្រកពេញមួយយប់ បន្ទាប់ពីអ្នកព្យាករណ៍បានព្យាករណ៍ថា ព្យុះនេះនឹងក្លាយជាផ្នែកមួយ នៃការវាយលុកដ៏ធំបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រទេសនេះ ។

ល្បឿនខ្យល់មានកម្រិតទាបជាងការភ័យខ្លាចពីដំបូង ប៉ុន្តែអ្នកព្យាករណ៍បានលើកឡើងថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ពេលថ្ងៃ ហើយបានព្រមានពីគ្រោះបាក់ដី និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top