ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានចែករំលែកចំណេះដឹង បទពិសោធន៍ ចំនួន៤ចំណុច ជូនដល់សមាជិកា និងយុវតី ដែលបានចូលរួមក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម”។
ចំណុចទាំងបួននោះគឺ ១-ធ្វើអ្វី ធ្វើឱ្យល្អ ក្នុងថ្ងៃនេះ ២-បង្កើត ទំនាក់ទំនងឱ្យបានច្រើន ៣-ការងារទាំងអស់គឺបង្រៀនយើង ៤-មានទំនុកចិត្តខ្លួនឯង ដែលចំណុចទាំង០៤នេះ គឺពិតជាមានថាមពល និងការចាប់ផ្តើមដ៏ល្អ សំរាប់ពួកគាត់អាចយកទៅអនុវត្ត សម្រាប់ជីវិតការសិក្សា ការងារ និងការរស់នៅប្រចាំថ្ងៃ។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកចំណេះដឹងបទ ពិសោធន៍ និងដំបូងមានល្អៗទាំងនេះនៅក្នុងកម្មវិធី “ជួបនឹងបងស្រីឆ្នើម” ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាបថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីសំណាក់ថ្នាក់អគ្គស្នងការស្នងការ ថ្នាក់ដឹកនាំក្រុមការងារនិងសមាជិកាសមាគមកាយរដ្ឋធានីកម្ពុជា ជាង២០០នាក់។
នៅក្នុងកម្មវិធីនោះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបើកឱកាសឱ្យសមាជិកា និងអ្នកចូលរួម ជាពិសេសសមាជិកាសកម្មរបស់ GGAC បានចូលរួមទទួលយកបទពិសោធន៍ នៃការចូលរួមកម្មវិធី បានបង្កើនបណ្ដាញទំនាក់ទំនង (Network) បានមានឱកាសបញ្ចេញភាពក្លាហាន តាមរយ:ការសាកសួរសំណួរ និងល្អបំផុតគឺទទួលនូវសារសំខាន់ៗ ដែលបងចែករំលែកដល់ពួកគាត់ ដែលជាគន្លឹះអាចអោយពួកគាត់ យកទៅអនុវត្ត ដើម្បីកសាងអនាគត និងទិសដៅជិវិតប្រសើរ។
លើសពីនេះគឺកាន់តែជំរុញទឹកចិត្ត ការចូលរួមស្ម័គ្រចិត្តចែករំលែក របស់សមាជិកគាំទ្រកាន់តែខ្លាំងទៀត ព្រោះគាត់បានឃើញសកម្មភាពពិតប្រាកដរបស់ GGAC និងបានឃើញថាសមាជិកាសកម្ម គឺពិតជាទទួលបានផលប្រយោជន៍ ពីការកម្មវិធីរបស់សមាគម ហើយអភិវឌ្ឍពួកគាត់ពិតប្រាកដមែន៕