ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ គ្រូបង្រៀន ក៏មានតួនាទីសំខាន់ ក្នុងការស្តារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិនេះ ដើម្បីកំណត់អនាគតអ្នកសិក្សាគ្រប់រូប។
ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ២០២២ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នាថ្ងៃ៥ តុលា លោករដ្ឋមន្រ្តីថ្លែងថា ជាក់ស្តែង វិបត្តិកូវីដ-១៩ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីគ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ ។ គ្រូបង្រៀន គឺជាបេះដូងនៃការអប់រំ។ តួនាទី និងប្រសិទ្ធភាពនៃការ បំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ ដើម្បីធានាឲ្យសិស្សានុសិស្ស និងនិស្សិតទទួលបានការអប់រំ នៅគ្រប់កាលៈទេសៈ ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព។
លោកបន្ដថា «គ្រូបង្រៀនក៏មានតួនាទីសំខាន់ផងដែរ ក្នុងការស្តារវិស័យអប់រំឡើងវិញ ចេញពីវិបត្តិកូវីដ-១៩ និងដើម្បីកំណត់អនាគត របស់អ្នកសិក្សាគ្រប់រូប។ ដូច្នេះ យើងទាំងអស់គ្នាត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេច អនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា»។
លោកបន្ថែមថា អំឡុងពេលកូវីដមានការបាត់បង់ គ្រូបង្រៀនធ្វើឲ្យប៉ះពាល់ ដល់ដំណើរការសិក្សារអាក់ រអួលដោយអន្លើ ការបាត់បង់ការសិក្សា ជាពិសេស នៅតំបន់ជួបការលំបាក ប៉ុន្តែកម្ពុជា ពិតជាមានមោទកភាព ដោយសារគ្រូបង្រៀន បានខិតខំស្វះស្វែងរៀនសូត្រនូវបំណិនថ្មីៗ ដូចជា៖ ការបង្រៀនតាមអនឡាញ ជាដើម។
លោកបញ្ជាក់ទៀតថា ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តួនាទីគ្រូបង្រៀនរឹងរឹតតែសំខាន់ជាងមុន ក្នុងការធានាបានទាំងសុវត្ថិភាព សុខភាព និងនិរន្តភាពនៃការសិក្សារបស់សិស្ស។ ក្រៅពីគិតគូរដល់កត្តាសុខភាពរបស់ខ្លួន និងការពារខ្លួនពីការឆ្លងជំងឺកូវីដ គ្រូបង្រៀនត្រូវឆ្លងកាត់បទពិសោធន៍ជាច្រើន ដូចជា៖ ការរិះរកវិធីសាស្ត្របង្រៀនសកម្មភាពបង្រៀន, ការជួយសិស្ស និងទំនាក់ទំនងជាមួយសិស្ស មាតាបិតាសិស្ស តាមរូបភាពជាការបង្រៀនពីចម្ងាយ ការរៀនតាមបណ្ដុំ ការបង្រៀនតាមប្រព័ន្ធ អេឡិចត្រូនិក ការបែងចែក និងកែសន្លឹកកិច្ចការ ការថតវីដេអូបង្រៀន ជាដើម។ លោកថា កត្តាទាំងនេះ មិនទាន់រាប់បញ្ចូល នូវការលំបាកផ្សេងៗទៀត ដែលគ្រូបង្រៀនជួបប្រទះ ដូចជា៖ ផលប៉ះពាល់ មកលើសេដ្ឋកិច្ចគ្រួសារ និងការទទួលរងនូវស្ថានភាពថប់អារម្មណ៍ ឬជំងឺផ្សេងៗ ៕