ព័ត៌មានអន្តរជាតិ

ចិត្តគំនិតសង្រ្គាមត្រជាក់ នៅតែជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព ស្ថិរភាពពិភពលោក

ប៉េកាំង៖ លោក Li Song ឯកអគ្គរដ្ឋទូតចិនទទួលបន្ទុក កិច្ចការរំសាយអាវុធបានឲ្យដឹងថា សង្រ្គាមត្រជាក់បានចប់អស់រយៈពេលជាង ៣០ឆ្នាំហើយ ប៉ុន្តែចិត្តគំនិតនៃសង្រ្គាមត្រជាក់ នៅតែជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព និងស្ថិរភាពរបស់ពិភពលោក។

លោក Li បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯការពិភាក្សាទូទៅនៃគណៈកម្មាធិការទីមួយនៃ សម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា នៅពេលនេះ រចនាសម្ព័ន្ធសន្តិសុខពិភពលោក ក៏ដូចជាការគ្រប់គ្រងអាវុធអន្តរជាតិ ការរំសាយអាវុធ និងយន្តការមិនរីកសាយភាយ កំពុងប្រឈមមុខនឹង បញ្ហាប្រឈមខ្លាំងបំផុតចាប់តាំងពីការ បញ្ចប់សង្គ្រាមត្រជាក់មក។

លោកបានលើកឡើងថា ប្រទេសមួយចំនួន ដែលជំរុញដោយចិត្តគំនិត នៃសង្រ្គាមត្រជាក់ បានបន្តជំរុញឱ្យមានការប្រកួតប្រជែង និងការប្រឈមមុខគ្នាក្នុងចំណោមប្រទេសធំៗ ពង្រឹងប្លុកយោធារបស់ពួកគេ និងចេតនាបង្កជម្លោះ និងធ្វើឱ្យមានជម្លោះកាន់តែធ្ងន់ធ្ងរឡើង។

លោក Li បានបន្ដថា “គោលនយោបាយបែបនេះ បាននិងកំពុងធ្វើឱ្យខូចទំនុកចិត្ត ទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមប្រទេសធំៗ ដែលបង្កគ្រោះថ្នាក់ដល់តុល្យភាព និងស្ថិរភាពជាយុទ្ធសាស្ត្រសកល ព្រមទាំងរារាំងដល់ដំណើរការគ្រប់គ្រង និងរំសាយអាវុធអន្តរជាតិ”។

ដោយបញ្ជាក់អំពីជំហរ និងសំណើរបស់ចិន បេសកជនបាននិយាយថា ប្រទេសធំៗ ជាពិសេសរដ្ឋអាវុធនុយក្លេអ៊ែរ ត្រូវតែបោះបង់ចោលគំនិតនៃ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងការប្រឈមមុខដាក់គ្នា បញ្ឈប់ការស្វែងរកសន្តិសុខផ្តាច់មុខ ឬដាច់ខាត ហើយឈប់ដាក់សន្តិសុខផ្ទាល់ខ្លួន លើសពីអ្នកដទៃ។

កាលពីខែមករាឆ្នាំនេះ មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ បានចេញសេចក្តីថ្លែងការណ៍ រួមមួយដោយសង្កត់ធ្ងន់ថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះបាន និងមិនត្រូវប្រយុទ្ធឡើយ ហើយបញ្ជាក់ជាថ្មីថា គ្មានអាវុធនុយក្លេអ៊ែររបស់ ពួកគេណាមួយត្រូវបាន តម្រង់ទិសគ្នាទៅវិញទៅមក ឬនៅរដ្ឋណាមួយឡើយ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top