ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ដែលបានឱ្យដឹងថា នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ( NESAT ) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធ្វើដំណើរដល់ ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ ខែតុលា ។
ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិន ចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាប ពីសមុទ្រចិនខាងត្បូង បង្កើនឥទ្ធិពល មកលើភាគខាងត្បូងកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C សីតុណ្ណភាពអតិបរមា មានពី ៣០-៣២ °C។ ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ ចំពោះបណ្តាខេត្តដទៃទៀត អាចមានភ្លៀងតិចតួច ។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C។ ចាប់ពីថ្ងៃទី១៩-២១ ខែតុលា បើមានតិចតួចតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀង ក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C។ អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕