តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ភាពផ្ទុយគ្នានៅក្នុងពាក្យសម្ដី និងសកម្មភាពរបស់មន្ត្រី សហរដ្ឋអាមេរិក គឺជាឧបសគ្គចម្បង ចំពោះកិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោក Kanaani បានបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិក បានផ្ញើសារដើម្បីបញ្ចេញទស្សនៈ របស់ពួកគេអំពីកិច្ចពិភាក្សានុយក្លេអ៊ែរ នៅលើដៃម្ខាង ខណៈពេលដែលបង្ហាញ អាកប្បកិរិយាផ្ទុយគ្នា ក្នុងការអនុវត្តទៅម្ខាងទៀត។
លោកបានកត់សម្គាល់ថា វិធីសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការចូលរួមចំណែក ក្នុងការចរចានុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោក Kanaani បានសង្កត់ធ្ងន់ថា “មានមូលដ្ឋាន សម្រាប់ការធ្វើឱ្យឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការវិលត្រឡប់ របស់ភាគីទាំងអស់” ប៉ុន្តែបញ្ហានាពេលបច្ចុប្បន្ននេះ ពឹងផ្អែកលើការសម្រេចចិត្ត នយោបាយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក។
លោកបានបន្ដថា “យើងអាចត្រលប់ទៅកិច្ចព្រមព្រៀង” នៅពេលណាដែលសហរដ្ឋអាមេរិក បង្ហាញឆន្ទៈចាំបាច់។ លោក Kanaani បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នឹងមិនបន្តរង់ចាំ កិច្ចព្រមព្រៀងមួយឡើយ។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការ ថាជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្មលើ ប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យ ភាគីចុងក្រោយទម្លាក់ ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ៕
ប្រែសម្រួល ឈូក បូរ៉ា