ព័ត៌មានជាតិ

លោក ឃួង ស្រេង ឲ្យយកចិត្តទុកដាក់ លើកិច្ចការពារសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ។

ការជម្រុញរបស់ប្រធានគណៈបញ្ជាការឯកភាពធ្វើឡើង កាលពីរសៀលថ្ងៃ១៧ តុលា ក្នុងកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សាធារណៈ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ខណៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំប្រទេសមហាអំណាចមួយចំនួន នៅលើពិភពលោក នឹងមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ គឺធ្វើយ៉ាងណាធានាថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកា។

ដូច្នេះអាជ្ញាធរនិងកងកម្លាំងទាំងអស់ ត្រូវតែម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុងកិច្ចការពារប្រតិភូ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តចំណុចខ្ពស់ ចាប់អនុវត្តពីថ្ងៃទី៨វិច្ឆិកា តទៅរហូតដល់កិច្ចប្រជុំត្រូវបានបញ្ចប់ ។

លោកបានបញ្ជាក់ថា ការងារនេះ ចាប់ពីថ្ងៃនេះទៅ ត្រូវដាក់កម្លាំងល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទះនិងពិនិត្យរដ្ឋបាលរាល់ថ្ងៃនៅតំបន់ស្មុគស្មាញងាយរងគ្រោះ ពិសេសតំបន់នៅក្បែរទីតាំងស្នាក់នៅរបស់ប្រតិភូនិងកន្លែងប្រជុំរបស់ប្រតិភូ។  ចំណែកមន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ដើម្បីធានាថា ការងាររបស់ខ្លួនអនុវត្តបានល្អ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។

បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួលជុលផ្លូវ ក្រលុកសំបុក អ៊ុតកៅស៊ូផ្លូវខូចខាតពាក់ព័ន្ធប្រតិភូឆ្លងកាត់ និងត្រូវតុបតែងរាជធានីភ្នំពេញ ឲ្យកាន់តែមានសោភណ្ឌភាព ទាក់ទាញបន្ថែមទៀត៕

To Top