ព័ត៌មានជាតិ

ពិព័រណ៍ការងារ ឆ្នាំ២០២២ នឹងបើកឱកាសការងារថ្មីៗ ថែមទៀតជាង២ម៉ឺន កន្លែងដល់យុវជន

ភ្នំពេញ ៖ ឱកាសការងារជាង២ម៉ឺនកន្លែង បានកំពុងរង់ចាំសិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងពិព័រណ៍ការងាររយៈពេលពីរថ្ងៃ នៅចុងខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។

លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិ មុខរបនិងការងារបាន លើកឡើងក្នុងសនិ្នសីទ សារព័ត៌មាន “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី១៨តុលាថា ពិព័រណ៍ការងារ និងផលិតភាពជាតិ រៀបចំនៅថ្ងៃទី២៨-២៩ ខែតុលា ខាងមុខ គឺជាព្រឹត្តិការណ៍ការងារ ដ៏ធំប្រចាំឆ្នាំ នឹងប្រមូលផ្តុំនិយោជកធំៗ គ្រប់វិស័យប្រមាណ១៥០ ដែលរំពឹងថា បើកឱកាសការងារ ថ្មីៗថែមទៀតជាង២ ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជន គ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព ។

លោកបន្តថា ពិព័រណ៍ការងារ ថ្នាក់ជាតិ គឺជាអន្តរាគមន៍ ទីផ្សារការងារដ៏ធំ និង មានលក្ខណៈប្រមូលផ្តុំ ដែលត្រូវបានរៀបចំឡើង ក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការ ផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយ បង្កើនការយល់ដឹង និងការត្រៀមខ្លួន ចូលទីផ្សារការងារកាន់តែទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធ ។ ជាពិសេសព្រឹត្តិការណ៍ ឆ្នាំ២០២២នេះ ត្រូវបាន រៀបចំឡើងដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។

លោកបន្ថែមថានពិព័រណ៍ការងារនេះ ក្នុងនោះវិស័យនាំមុខគេរួមមាន ៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម និងកម្មន្តសាល។ ក្នុងព្រឹត្តិការណ៍នេះ រំពឹងថាមានអ្នកស្វែងរកការងារ ដែលមានសក្ដានុពលចូលរួមដាក់ពាក្យរកការ ងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែង ពិព័រណ៍តែម្តងចំនួនប្រមាណ ៣ម៉ឺននាក់ផងដែរ។

បន្ថែមលើនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។

ចំណែក លោក កាំង មូនីការ អគ្គលេខាធិការរង សមាគមន៍កាត់ដេរនៅកម្ពុជាបានលើកឡើងថា អ្នកដែលចង់ស្វែង រកការងារធ្វើនៅក្នុងពិព័រណ៍ នៅពេលខាងមុខនេះ ត្រូវត្រៀមឯកសារពាក់ព័ន្ធ ដើម្បីដាក់នៅតាមបណ្តាក្រុមហ៊ុន ដែលជ្រើសរើសបុគ្គលិកជាមុន។

ដោយឡែ លោក សុំ មនោរម្យ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ លើកឡើងដែរថា ពិព័រណ៍ការងារនេះ នឹងផ្តល់ជាឱការងារដល់យុវជន សិស្ស និស្សិត និង អ្នកស្វែងរកការងារ ដើម្បីសិក្សាស្វែងយល់សមស្រប ជាមួយសមត្ថភាពខ្លួន។

លោកបានលើកឡើងដោយបញ្ជាក់បន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា បច្ចុប្បន្នបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ និងបណ្តុះបណ្តាល យុវជនឲ្យក្លាយជាមនុស្សជំនាន់ថ្មី ប្រកបដោយសមត្ថភាព និងគុណភាពសម្រាប់បម្រើប្រទេសជាតិ ៕

To Top