ព័ត៌មានជាតិ

ជប៉ុនប្រកាសមិនលូកដៃ ចូលកិច្ចការផ្ទៃក្នុង គ.ជ.ប តែលើកទឹកចិត្តបង្កើន កិច្ចសហការជាមួយបក្ស នយោបាយ សមាគម និងអង្គការ​ក្រៅ​រដ្ឋាភិបាល​ (Video)

ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ជប៉ុន មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ឡើយ តែលើកទឹកចិត្ត គ.ជ.ប បង្កើនកិច្ចសហការជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ ជាពិសេស បក្សប្រឆាំង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាថ្ងៃទី១៩ តុលា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា ប្រទេសជប៉ុននៅតែប្រកាន់ ជំហរបន្តជួយ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោត ជាក់ស្ដែងអ្នកជំនាញការជប៉ុន ផ្នែកអប់រំអ្នកបោះឆ្នោត លោក តូម៉ូយូគិ តាតស៊ូមិ បាននិងកំពុងបំពេញ ការងារយ៉ាងសកម្មនៅទីស្ដីការ គ.ជ.ប លើគម្រោងបញ្ជ្រាបការយល់ដឹង អំពីសារៈសំខាន់នៃការបោះឆ្នោត ដែលជាស្នូល នៃលទ្ធិប្រជាធិបតេយ្យ នៅតាមបណ្ដាគ្រឹះស្ថានសិក្សា នៃរាជធានី ខេត្ត។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា «ប្រទេសជប៉ុនមិនលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ទេ ប៉ុន្តែលោកលើកទឹកចិត្តឱ្យ គ.ជ.ប បង្កើនកិច្ចសហការលើការងារអប់រំអ្នកបោះឆ្នោត ជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើនដៃគូពិភាក្សា ជាមួយគណបក្សនយោបាយ ពិសេសគណបក្សនយោបាយប្រឆាំង» ។

តាមរយៈរបាយការណ៍ បុគ្គលិកស្ថានទូត ដែលធ្វើជាភ្ញៀវពិសេសរបស់ គ.ជ.ប ចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងមក តាមរយៈ របាយការណ៍ របស់អ្នករាយការណ៍ពិសេស នៃអង្គការ សហប្រជាជាតិ រួមទាំងព័ត៌មាន ដែលទទួលបានពីគណបក្ស នយោបាយមួយចំនួន ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតលោក បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ គ.ជ.ប ក្នុងការរៀបចំចាត់ចែង គ្រប់គ្រងការបោះឆ្នោតនេះ បានល្អប្រសើរ ទោះបីមានបញ្ហាមួយចំនួន កើតឡើងខ្លះក៏ដោយ ព្រោះគ្មានការបោះឆ្នោត ណាត្រូវបានធ្វើឡើង ដោយល្អឥតខ្ចោះនោះទេ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប ត្រូវអនុវត្តកិច្ចការរបស់ខ្លួនក្នុងដំណាក់កាលសំខាន់ៗទាំង៤ នៃដំណើរការរៀបចំការបោះឆ្នោត រួមមាន ៖ ទី១-ដំណាក់កាល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០២៣ ,ទី២-ដំណាក់កាល នៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ,ទី៣-ដំណាក់កាល នៃការឃោសនាបោះឆ្នោត ,ទី៤-ដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត ៕

To Top