សេអ៊ូល៖ អាជ្ញាធរពន្លត់អគ្គីភ័យ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៤៩ នាក់បានស្លាប់ និង ៧៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការរត់ជាន់គ្នាដ៏សាហាវមួយនៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ខណៈដែលហ្វូងមនុស្សដ៏ច្រើនកុះករបានរត់ជាន់គ្នា នៅឯការប្រារព្ធពិធីបុណ្យ Halloween នៅពេលយប់។
យោងតាមសាក្សីបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងផ្លូវតូចចង្អៀតមួយ ក្បែរសណ្ឋាគារ Hamilton ក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ល្បី បន្ទាប់ពីមានអ្នកជប់លៀងជាច្រើន បានជន់លិចចូលទៅក្នុងនោះ។
មនុស្សរាប់ម៉ឺននាក់បានទៅលេងតំបន់នេះសម្រាប់ពិធីជប់លៀង Halloween ។ អាជ្ញាធរអគ្គីភ័យបានឲ្យដឹងថា មនុស្សសរុបចំនួន ១៤៩ នាក់ រួមទាំងជនបរទេស ២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ដោយ ៧៦នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ ១៩នាក់ របួសធ្ងន់។
លោក Choi Seong-beom ប្រធានផ្នែកពន្លត់អគ្គីភ័យនៅ Yongsan ដែលរួមមាន Itaewon បានប្រាប់អ្នកយកព័ត៌មានថា “ការស្លាប់និងរបួសជាច្រើន បានកើតឡើងនៅពេលដែលហ្វូងមនុស្សបានដួលនៅលើកំឡុងពេលពិធីបុណ្យ Halloween” ។ អាជ្ញាធរក៏បានឲ្យដឹងថា ជនរងគ្រោះក្នុងវ័យ២០ឆ្នាំជាក្រុមអាយុ ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយគ្រោះថ្នាក់នេះ ៕ ប្រែសម្រួល ឈូក បូរ៉ា