តេអេរ៉ង់ ៖ អាជ្ញាធរអ៊ីរ៉ង់ បានចេញដីកាចាប់ខ្លួន បាតុករជាង ១០០០នាក់ ដែលពាក់ព័ន្ធនឹងបាតុកម្ម ដែលបានផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីការស្លាប់របស់ Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់-ឃឺដ អាយុ ២២ ឆ្នាំ ដែលបានស្លាប់នៅក្នុងការឃុំឃាំង របស់ប៉ូលីសកាលពី ៦សប្តាហ៍មុន។
ការកាត់ក្តីនឹងត្រូវធ្វើឡើងជាសាធារណៈក្នុង សប្តាហ៍នេះ នេះបើតាមសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ ដោយដកស្រង់សំដី អគ្គរដ្ឋអាជ្ញារបស់ទីក្រុងតេអេរ៉ង់ លោក Ali Alqasi Mehr ។
បុគ្គលដែលមានឈ្មោះ ត្រូវបានចូលរួមនៅក្នុង “សកម្មភាពវិទ្ធង្សនា” ក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្មីៗ ហើយកំពុងប្រឈមមុខនឹង “ការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ” រួមទាំងការវាយដំ ឬ “ធ្វើទុក្ករកម្ម” មន្ត្រីសន្តិសុខ និងការដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ។
IRNA បានរាយការណ៍ថា ពួកគេនឹងត្រូវកាត់ទោស នៅក្នុងតុលាការបដិវត្តន៍។ Amini បានស្លាប់ បន្ទាប់ពីត្រូវបានចាប់ខ្លួន ដោយប៉ូលីសសីលធម៌ដោយសារតែរបៀបស្លៀកពាក់ ដែលជំរុញឱ្យក្រុមអ្នកតវ៉ាដើរ តាមដងផ្លូវអំពាវនាវឱ្យបញ្ចប់របបនេះ។
បាតុករជាច្រើននាក់ ត្រូវបានសម្លាប់តាំងពីពេលនោះមក។ ក្រុមសកម្មជនសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ បានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់មានច្រើនជាង ២៧០ នាក់។
កាលពីថ្ងៃសៅរ៍ អង្គភាពឆ្មាំ បដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានឲ្យដឹងថា “ការអត់ធ្មត់” នៃកងកម្លាំងរបស់ខ្លួនបានអស់ហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ការប្រកាសកាលពីថ្ងៃចន្ទ ជាការបញ្ជាក់ថា បាតុករដំបូងរបស់រដ្ឋាភិបាល នឹងប្រឈមមុខនឹងវិធានការផ្លូវច្បាប់ ចាប់តាំងពីចលនានេះ បានចាប់ផ្តើមនៅថ្ងៃទី១៦ ខែកញ្ញា៕